ថ្មី ទៀតហើយ ពូកែខ្លាំងណាស់ ! អភិបាលស្រុកវ័យក្មេង ដាក់លេខទូរសព្ទ ទាក់ទងឲ្យប្រជាពលរដ្ឋខ្លួន តេមិនអស់លុយ...
ស៊ីហៀង
-

សៀមរាប ៖ សូមណែនាំអោយស្គាល់លេខទំនាក់ទំនងពិសេស(Hotline)របស់រដ្ឋបាលស្រុកបន្ទាយស្រី៖ «០១៨ ៥៥៥៥ ៩៩៩»ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះតទៅ រដ្ឋបាលស្រុកបន្ទាយស្រីនឹងដាក់អោយដំណើរការសាកល្បងលេខទូរស័ព្ទទំនាក់ទំនងពិសេសមួយខ្សែក្នុងគោលបំណង៖

- បង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់មធ្យោបាយងាយស្រួល ឆាប់រហ័ស និងសាមញ្ញ ក្នុងការសាកសួរព័ត៌មាន ផ្តល់យោបល់ត្រលប់ និងទទួលយកព័ត៌មានដោយផ្ទាល់ពីរដ្ឋបាលស្រុក

- ជម្រុញការគោរពច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់និងការបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន តាមរយៈការជម្រុញនិងលើកទឹកចិត្តអោយសាធារណៈជនចូលរួម និងរាយការណ៍ពីរាល់បញ្ហាអសកម្មនិងសកម្មភាពល្មើសច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន

លេខនេះអាចទទួលការហៅចូលបានពីគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់«ដោយឥតគិតថ្លៃ»និងបម្រើជូននៅរៀងរាល់ម៉ោងធ្វើការផ្លូវការរបស់រដ្ឋបាលស្រុក។ រាល់ទំនាក់ទំនងក្រៅម៉ោងធ្វើការឬប្រសិនបើមិនអាចទំនាក់ទំនងបានដោយប្រការណាមួយ សាធារណៈជនអាចផ្តល់សារជាអក្សរឬសារសំឡេងមកកាន់ Whatapp និង Telegram នៃលេខនេះ។ ដើម្បីជាប្រយោជន៍ដល់ជនបរទេសនិងភ្ញៀវទេសចរណ៍អន្តរជាតិ លេខនេះក៏នឹងមានផ្តល់ការគាំទ្រជាភាសាអង់គ្លេសផងដែរ។

សូមបញ្ជាក់ថា គម្រោងនេះស្ថិតនៅក្នុងដំណើរការសាកល្បងនៅឡើយ។ រដ្ឋបាលស្រុកសូមអធ្យាស្រ័យទុកជាមុនប្រសិនបើមានការរអាក់រអួលដោយអចេតនាក្នុងដំណាក់កាលនេះ។ ដំណើរការសាកល្បងនឹងមានរយៈពេល១ខែ ក្នុងគោលបំណងសិក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈម នីតិវិធី និងកត្តាបច្ចេកទេសមួយចំនួន មុននឹងធ្វើការកែលម្អនិងធានាអោយបាននូវប្រសិទ្ធភាពនៃការបម្រើសេវានេះដោយពេញលេញនិងដោយរលូននាពេលខាងមុខ។ សម្រាប់ចម្ងល់ឬព័ត៌មានបន្ថែមផ្សេងៗពាក់ព័ន្ធនឹងដំណើរការលេខពិសេសនេះ អាចទំនាក់ទំនងមកលេខទូរស័ព្ទដែលផ្តល់ជូនខាងលើចាប់ពីថ្ងៃនេះតទៅបាន។ ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan