កាលពីពេលកន្លងទៅនេះ មានប្រជាជនមួយចំនួនបាននិយាយតៗគ្នាថា ជំងឺកូរ៉ូណាគឺមិនឆ្លង ឬមិនអាចកើតមាននៅតំបន់ដែលមានអាកាសធាតុក្ដៅនោះ ។ ផ្ទុយទៅវិញបើយោងទៅតាម PNN News បានឱ្យដឹងថាមេរោគកូរ៉ូណាគឺអាចរស់នៅក្នុងអាកាសធាតុក្ដៅបាន ។ ជាការពិតណាស់កាលពីពេលថ្មីៗនេះអាហ្វ្រិកក៏មានអ្នកធ្លងកូរ៉ូណាផងដែរ ។

នៅក្នុងផេក PNN News លើកឡើងថា មិនថាប្រទេសដែលមានសីតុណ្ហភាពក្តៅ ឫ ត្រជាក់នោះទេ គឺសុទ្ធតែអាចប្រឈមនឹងការឆ្លងមេរោគ កូរ៉ូណាបានដូចគ្នា។ នេះជាការបញ្ជាក់យ៉ាងច្បាស់ ដើម្បីឆ្លើយតបការយល់ច្រលំ ដែលធ្លាប់មានការលើកឡើងថា កូរ៉ូណាមិនកើតឡើងនៅក្នុងប្រទេសក្តៅនោះ ។ ជាក់ស្តែងណាស់គឺជំងឺកូរ៉ូណាបានឆ្លងរួចមកហើយនៅតាមបណ្តាប្រទេសដែលមានអាកាសធាតុក្តៅ ដូចជាប្រទេសអាហ្រ្វិក អ៊ឺរ៉ុង និងប្រទេសមួយចំនួនទៀត ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ PNN ថា មេរោគកូរ៉ូណា អាចឆ្លងបានទាំងនៅក្នុងប្រទេសដែលមានសីតុណ្ហភាពក្តៅ និង ត្រជាក់ ។ ដោយឡែកសម្រាប់កម្ពុជារហូតមកទល់ពេលនេះ គឺពុំមានករណីឆ្លងកូរ៉ូណានោះទេ ។ទោះបីយ៉ាងណាក៍ដោយ លោកជំទាវបានដាស់តឿនថា ប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ជាទីបំផុត ដើម្បីការពារការឆ្លងជំងឺនេះ ។

គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះរាលដាលជំងឺដ៏កាចសាហាវនេះ នៅក្រុងវូហាន ខេត្ដ អ៊ូបេ ប្រទេសចិនមក មកទាល់ពេលនេះ នៅមិនទាន់មានថ្នាំ និងវ៉ាក់សាំងបង្ការនិងការពារជំងឺមួយនេះបាននៅឡើយទេ ។ ខណៈដែលក្រុមអ្នកស្រាវជ្រាវនៅបណ្ដាប្រទេសធំៗ កំពុងស្វះស្វែងក្នុងការផលិតថ្នាំព្យាបាលជំងឺនេះ ៕ ប្រភព៖ Business Cambodia