អស់២៨០ដុល្លារលេង...បុរសម្នាក់ ជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ រាលតែស្នេហាចូលខ្លួន ភ្លេចមើលផ្លូវ ជ្រុលចង្កូតបុកកន្លែងលក់ទឹកក្រឡុកបង្អែមនិងពងទាកូនខ្ចាយព្រៀត...
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ ជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ក៏ជ្រុលចង្កូតទៅបុកកន្លែងលក់ទឹកក្រឡុកបង្អែមនិងពងទាកូន បណ្តាលឲ្យខូចខាត ដែលហេតុការណ៍បានកើតឡើងនៅចំណុច ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមអ្នកនៅកន្លែងកើតហេតុបានប្រាប់ថា មុនដំបូងគេឃើញបុរសម្នាក់គាត់ជិះម៉ូតូម៉ាក ហុងដា ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1HY-1913 ខណៈពេលកំពុងតែជិះនោះ បុរសរូបនោះ មានកាន់ទូរស័ព្ទនៅនឹងដៃ ហើយនិយាយបណ្តើរជិះម៉ូតូបណ្តើរ ស្រាប់តែជ្រុលចង្កូត ទៅបុកកន្លែងលក់ទឹកក្រឡុកបង្អែមនិងពងទាកូន ដែលលក់មុខផ្ទះប៉ើង រីឯអ្នកបើកបរម៉ូតូរងរបួសស្រាលបែកមុខមាត់។

ក្រោយពេលកើតហេតុ ជនបង្កបានចេញថ្លៃសំណងជូនជនរងគ្រោះ ចំនួន២៨០ដុល្លារ ដើម្បីបញ្ចប់រឿង៕