ជួយស៊ែរលើកទឹកចិត្តផង! កូនខ្មែរមួយរូប ចំណាយថវិកាផ្ទាល់ខ្លួនដ៏ច្រើន ដើម្បីបើកក្លិបស្នូកឃ័រផ្ទាល់ខ្លួននៅ...
សីហា
-

កូរ៉េខាងត្បូង៖ កីឡាការិនីស្នូកឃឺ និងប៊ីយ៉ា ជម្រើសជាតិកម្ពុជា ស្រួង ភាវី បានចំណាយថវិកាផ្ទាល់ខ្លួនដ៏ច្រើន ដើម្បីបើកក្លិបស្នូកឃ័រផ្ទាល់ខ្លួននៅសាធារណរដ្ឋកូរ៉េ។ស្រួង ភាវី បានឱ្យដឹងថា ការបើកក្លិបនេះ ឈរលើគោលបំណងសំខាន់ ២យ៉ាង គឺសម្រាប់បម្រើឲ្យការហ្វឹកហាត់ខ្លួនឯង និងដើម្បីបណ្ដុះបណ្ដាលប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ ពិសេសពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ។

ម្ចាស់មេដាយសំរឹទ្ធ ពិភពលោកឆ្នាំ២០១៨ បានបញ្ជាក់ថា ក្លិបផ្ទាល់ខ្លួននេះកំពុងដំណើរការសាងសង់ ដោយដាក់ឈ្មោះលោកស្រីផ្ទាល់គឺ “Pheavy Q”។ បន្ទាប់ពីសាងសង់រួច គាត់នឹងបើកទទួលហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីគ្រប់ជាតិសាសន៍ ពិសេសប្រជាពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងដែលចង់ហាត់ លោកស្រីនឹងស្វាគមន៍ដោយកក់ក្ដៅបំផុត។

សូមបញ្ជាក់ថា ស្រួង ភាវី គឺជាកីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ដោយធ្លាប់ដណ្ដើមបានមេដាយកម្រិតពិភពលោក អាស៊ី និងថ្នាក់តំបន់ជាច្រើន ក្នុងនាមកីឡាការិនីកម្ពុជា ពិសេសនាងធ្លាប់ដណ្ដើមបានជើងឯកជាច្រើនជំនាន់ ក្នុងការប្រកួតថ្នាក់ជាតិនៅកូរ៉េ រហូតមានការទាក់ទាញកីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំរូបនេះ ឲ្យចូលសញ្ជាតិកូរ៉េទៀតផង តែត្រូវបានគាត់បដិសេធ ដ្បិតចង់លេងតំណាងឲ្យកម្ពុជាមួយតែប៉ុណ្ណោះ៕