គំរូល្អ សម្រាប់វត្តអារាម ផ្សេងទៀត ! ស្ទើរគ្រប់ទីវត្តអារាមនៅខេត្តស្វាយរៀង ដាំបន្លែផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងចែកជូនដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ
ស៊ីហៀង
- 1081

(ស្វាយរៀង)៖ នៅតាមទីវត្តអារាមនៅខេត្តស្វាយរៀងសង្កេតឃើញថា ព្រះសង្ឃបានបំផុសឲ្យចូលរួមដាំដំណាំបន្លែជាច្រើនមុខ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងចែកជូនដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ខណៈប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដែលនេះគឺជាគំរូល្អមួយសម្រាប់វត្តអារាម ឬទីដ្ឋានដទៃទៀត។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា គ្រប់វត្តចំនួន ២៤៤វត្ត ដែលមានព្រះសង្ឃ ២,១៧៤អង្គ នៅខេត្តស្វាយរៀង បានបំផុសឲ្យមានការដាំបន្លែ ជាច្រើនមុខ ដើម្បីទុកសម្រាប់ធ្វើចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត ថែមទាំងមានលទ្ធភាពចែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្តទៀតផង។

លោកបានបន្តថា ក្រៅពីរៀនធម៌បាលី ព្រះសង្ឃឆ្លៀតពេលទំនេរក៏បានចូលរួមលើកកម្ពស់វិស័យកសិកម្មដាំដំណាំរួមផ្សំ គ្រាន់តែវត្តខ្លះដាំជាទ្រុងទ្រាយធំ និងវត្តខ្លះទៀតដាំបន្លែបន្តិចបន្តួច។ ម្យ៉ាងទៀត ព្រះសង្ឃក៏នធ្វើពលកម្មបញ្ចេញញើស បញ្ចេញជាតិពុលពីក្នុងខ្លួន ធ្វើឲ្យសុខភាពល្អរឹងមាំទៀតផង។

បើតាមព្រះសង្ឃដែលគង់នៅវត្តមួយចំនួន ក្នុងខេត្តស្វាយរៀង បានមានសង្ឃដីកាថា នៅក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ជំងឺកូវីដនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទមិនសូវបានចេញទៅណាទេ ដូច្នេះដើម្បីគិតគូរវែងឆ្ងាយ ដោយមិនរង់ចាំតែចង្កាន់របស់ពុទ្ធបរិស័ទយកមកប្រគេនមួយមុខនោះ គឺបានយកដីបរិវេណក្នុងវត្តកាប់គាស់មកដាំបន្លែ ដើមឈើហូបជាច្រើនប្រភេទ ទុកសម្រាប់ធ្វើចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត។ មិនតែប៉ុណ្ណោះ ថែមទាំងបានចែកជូនដល់ពុទ្ធបរស័ទយកទៅទុកទទួលទានផងដែរ។

ព្រះសង្ឃបានមានសង្ឃដីកាទៀតថា នៅក្នុងវត្តអារាមនៅខេត្តស្វាយរៀងមានដាំបន្លែ ឈើហូបផ្លែ ដូចជា ស្ពៃ ត្រកួន ផ្ទី ខាត់ណា ត្រប់ ប៉េងប៉ោះ ស្លឹកគ្រៃ ល្ពៅ ដូង ព្រលិត រំចង់ ចេក ខ្នុរ ស្វាយ ជម្ពូ ល្ហុងជាដើម ហើយការងារដាំដំណាំបន្លែរួមផ្សំនេះមានតាំងពីយូយារណាស់មកហើយ និងបន្តធ្វើយ៉ាងផុសផុលបន្ថែមទៀត ទោះបីជំងឺកូវីដស្ងប់ស្ងាត់ទៅវិញក៏ដោយ៕