ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ថៅកែក្រុមហ៊ុនឥណទានមួយ បានចាប់ខ្លួនបុគ្គលិករបស់ខ្លួនប្រគល់ឲ្យទៅសមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញថាបុគ្គលិកខាងលើប្រើល្បិចលួចបន្លំយកលុយរបស់ក្រុមហ៊ុនអស់ជិត២ម៉ឺនដុល្លារកន្លងមក នៅចំណុចក្រុមហ៊ុនវីរៈស័កហ្វាយនែន មានទីតាំងនៅផ្ទះលេខ8A ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមាន ឈ្មោះ រើន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកឥណទាន របស់ក្រុមហ៊ុនវីរៈស័កហ្វាយនែន ស្នាក់នៅផ្ទះលេខ២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បើយោងតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ឈ្មោះប៉ែន ជាលី ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ តំណាងឲ្យក្រុមហ៊ុនឥណទាន វីរៈស័កហ្វាយនែន ស្នាក់នៅផ្ទះលេខ១១k ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ បើយោងតាមពាក្យបណ្តឹងរបស់ ប៉ែន ជាលី អំឡុងខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានប្រមូលយកលុយពីអតិថិជនបានហើយ តែមិនប្រគល់ឲ្យមកក្រុមហ៊ុន ដោយភូតកុហកថា អតិថិជនមិនទាន់មានលុយបង់ឲ្យក្រុមហ៊ុន ដោយសារចំនួនទឹកប្រាក់ខាតបង់ច្រើន និងមានការសង្ស័យ ក្រុមហ៊ុន បានប្រើបុគ្គលិកផ្សេងទៀតឲ្យចុះស្រាវជ្រាវសួរនាំចំពោះអតិថិជនដែលមិនបានបង់លុយមកឲ្យក្រុមហ៊ុន តែត្រូវបានអតិថិជនបង្ហាញឯកសារថា ពួកគាត់បានបង់លុយត្រឹមត្រូវតាមការសន្យាគ្រប់គ្រាន់ ទើបឈានទៅដល់ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមផ្លូវច្បាប់តែម្ដង។
ឈ្មោះប៉ែន ជាលី បានប្រាប់ឲ្យដឹងថា ទឹកប្រាក់ដែលបានបាត់បង់ដោយសារការលួចយកនោះមានចំនួន ១៧ ៥៨៣ ដុល្លារអាមេរិក។ ចំណែកជនជាប់ចោទក៏បានសារភាពថា ខ្លួនពិតជាបានលួចយកលុយរបស់ក្រុមហ៊ុនទៅចាយវាយអស់ពិតមែន៕