ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី អមដំណើរដោយលោក Arif Gunawan ប្រធានប្រតិភូអមស្ថានទូត និងលោក Noam Lazuardy លេខាទីមួយផងដែរ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេបាន របស់ក្រសួង ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យ សាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ នានាដែលសាធារណរដ្ឋ ឥណ្ឌូនេស៊ីអាចចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការកសាងសមត្ថភាពកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះកិច្ច សហការប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញ ភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសាធារណរដ្ឋឥណ្ឌូនេស៊ីទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីការសិក្សាគម្រោងអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលរួមមានផ្លូវរថភ្លើងក្រោមដី ប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្របសម្រាប់រាជធានីភ្នំពេញ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវ ចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមនេះដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ និងការវិនិយោគរវាងប្រទេស ទាំងពីរផងដែរ៕








ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន