ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីមានខិត្តប័ណ្ឌជាច្រើនសន្លឹក ត្រូវបានប្រជាពលរដ្ឋយកមកបាចពាសពេញផ្លូវ១A ពីភូមិសិត្បូដល់ភូមិព្រែកត្រែង នៅកាលបីយប់ថ្ងៃទី ៦ កក្កដា ហើយនៅក្នុងខិត្តប័ណ្ឌជាច្រើនសន្លឹកនោះបានហែកកេរ្តិ៍ខ្ទេចខ្ទីរចំពោះការដឹកនាំរបស់លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ។

នៅក្នុងខិត្តប័ណ្ឌទាំងអស់នោះបានសរសេរហែកកេរ្តិ៍ចំពោះលោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ មានចំណុចជាច្រើនដូចជា ៖ ទទួលបណ្តឹងរើសមុខ ចូលចិត្តដើររកតែកន្លែងស៊ីផឹក ម៉ូតូបាត់រាប់ភ្លេច អសមត្ថភាព រហូតដល់បាត់ម៉ូតូ ប្រជាជនលែងប្តឹង ដើរយកលុយពីវង់ល្បែងមិនញញើតដៃ កូនចៅបែងចែកបក្ខពួកគ្មានការសហការគ្នា ធ្វើអោយប្រជាជនលំបាកក្នុងការសាកសួរព័ត៌មាន ព្រោះមួយរុញទៅមួយ ចុងក្រោយមានការចោទប្រកាន់ ធ្ងន់ៗថា «និយាយតែរឿងលុយ មេប៉ុស្តិ៍មុខលុយ សូមថ្នាក់លើជួយដកមេប៉ុស្តិ៍ចង្រៃនេះ ចេញពីសង្កាត់សិត្បូទៅ» នៅមានច្រើនចំណុចទៀត ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីបានទទួលដំណឹងលោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានប្រាប់អោយដឹងថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីស៊ើបអង្កេតករណីនេះ តើលោកមេប៉ុស្តិ៍សិត្បូ មានបញ្ហាដូចការចោទប្រកាន់ដែរឬទេ ? ៕



