មុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ទ្រី ដាណា បានបង្ហោះសារថា សុខៗនឹកឃើញចង់និយាយរឿងមួយថ្ងៃនេះ បងប្អូនធ្លាប់លឺអត់ អ្នកខ្លះមិនទាន់បានធ្វើអី មិនទាន់ចេញជាសមិទ្ធផលអីផង ក៏និយាយមុនបាត់។ តែអ្នកខ្លះទៀត ស្ងាត់ៗណាស់ ស្រាប់តែបន្តិច ឃើញជោគជ័យអីមួយ បន្តិចស្រាប់តែមានសមិទ្ធផលអីមួយ មកបង្ហាញ។



អ្នកខ្លះ ថាដូចគ្នា តែតាមពិត វាមិនដូចគ្នាទេ សួរថាខុសគ្នាម៉េច មួយគេថាអ្នកអួត មួយគេថាអ្នកមានមោទកភាពចំពោះសមិទ្ធផលខ្លួនឯង។ អ្នកអួត តាមពិតខ្លួនឯងមិនទាន់បានធ្វើអីទេ មិនទាន់មានអីទេ តែមានអំនួត គិតថាខ្លួនឯងអាចធ្វើបាន ជួនកាលប្រឹងនិយាយឱ្យហួសមុន ដល់ចុងក្រោយ គ្មានបានសាច់ការអី ទៅជាសាច់កាប់វិញ។


អ្នកដែលមានមោទកភាពចំពោះសមិទ្ធផលវិញ គេស្ងាត់ណាស់ គេមិននិយាយអីមុនទេ តែដល់ពេលបានលទ្ធផល បានសមិទ្ធផលអីមួយកើតឡើង ទើបគេបង្ហាញ គេប្រាប់ថា គេអាចធ្វើបានហើយ។ និយាយឱ្យស្រួលស្ដាប់ អ្នកអួតនិយាយមុនធ្វើ តែអ្នកធ្វើមុននិយាយ គឺមានន័យថា គេជាមនុស្សមានចិត្តស្ងប់សុខបំផុត និងសប្បាយចិត្តបំផុត ព្រោះគេមិនបានធ្វើដើម្បីសម្ញែងដាក់អ្នកណា គឺគេធ្វើដើម្បីខ្លួនឯង បំពេញក្ដីសុខខ្លួនឯង កើតចេញពីសមត្ថភាពខ្លួនឯង។


សម្រាប់អ្នករកស៊ី សុខចិត្តសន្យាទុកពេលយូរបន្តិច តែយកឱ្យគេបានមុន គេនឹងសប្បាយ នឹងគោរពអ្នក។ សម្រាប់អ្នកធ្វើការ កុំសន្យាថាធ្វើបានគ្រប់មុខ កុំអួតគ្រប់រឿង ស្ងាត់ៗ គេឃើញសមត្ថភាពអ្នក គេនឹងខ្លាច គោរពអ្នក។ មនុស្សយើងមិនត្រូវបង្ហាញអស់ទេ ត្រូវមានអ្វីជារបស់ខ្លួនឯង រៀនធ្វើមុននិយាយ ហើយសប្បាយចិត្តនឹងលទ្ធផលទទួលបាន ព្រោះវាជាការលើកទឹកចិត្តខ្លួនឯងក្រោយសម្រេចបាន។ បើយើងមិនអបអរ យើងមិនបង្ហាញសមិទ្ធផល មិនមានមោទកភាពចំពោះអ្វីដែលខ្លួនធ្វើបានហើយ ដូចជាគ្មានន័យសោះ។


រឿងដែលមនុស្សយើង មិនត្រូវធ្វើ គឺបង្ហាញពីគម្រោងយើងទៅថ្ងៃមុខ ព្រោះគ្មានអ្នកអបអរទេ មានតែអ្នកជ្រេញ និងអ្នកច្រណែន។ មិនត្រូវបង្ហាញវិបត្តិខ្លួនឯង ព្រោះអ្នកជុំវិញត្រូវការភាពសប្បាយរីករាយពីយើង ដូចយើងចង់ទទួលពីគេដែរ រង់ចាំមើលអ្នកណាជួយដោះស្រាយបានចាំបង្ហាញ។ អរគុណណាស់ ហត់ហើយ សម្រាកតិចសិន "។
