លោក ឃឹម ហ្វីណង់ ៖ សម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ លែងពិបាកដឹកកង់មកទៀតហើយ ឥឡូវនេះ ភូមិព្រះដាក់ មានកន្លែងជួលកង់ជិះលេងកម្សាន្តនឹងគេហើយ
-

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលមហាជន ក៏ដូចជា ហ្វេនៗជាច្រើន​បានស្គាល់រូបលោក តាមរយៈការបង្កើតគំនិតថ្មីៗ ច្នៃប្រឌិត ភូមិ ឃុំឲ្យកាន់តែស្រស់ស្អាត និងអនាម័យទ្វេរដង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាភូមិ ឃុំ ដ៏សែនស្រស់សោភា នាទឹកដីអង្គរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោក បានបង្ហោះសារដ៏មានអត្តប្រយោជន៍ ដល់បងប្អូន ដែលមានបំណងចង់ជួល កង់ជិះ ដើម្បីបានទស្សនាទីជនបទដ៏ស្រស់ស្អាត។ លោកបានបង្ហោះសារថា "ក្រែងមានអ្នកអត់ទាន់ដឹង ភូមិព្រះដាក់ឥឡូវមានកន្លែងជួលកង់ជិះលេងកម្សាន្តនឹងគេហើយ៖ កំណើននៃភ្ញៀវទេសចរក្នុងស្រុកមកក្នុងភូមិព្រះដាក់ អនុញ្ញាតឲ្យអ្នកភូមិអាចចាប់យកមុខរបរថ្មីប្រកបទៅដោយសក្តានុពលមួយនេះបាន។

សម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ ឥឡូវនេះមិនចាំបាច់ពិបាកដឹកកង់មកជាមួយ រឺជិះកង់តាំងពីក្នុងក្រុងរហូតមកដល់ភូមិព្រះដាក់ទៀតទេ។ ភ្ញៀវទេសចរអាចជួលកង់នៅទីនេះផ្ទាល់តែម្តងបាន ជិះលេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិលើខ្នងបារាយណ៍ចាស់ មើលទេសភាពវាលស្រែធំល្វឹងល្វើយ រឺក៏ចង់ជិះទៅលេងភ្នំបូក បឹងតានាវ បឹងឈូក ប្រាសាទបន្ទាយស្រី រឺជិះលេងក្នុងតំបន់ឧទ្យានអង្គរក៏បានដែរ។

សប្បាយចិត្តដែលបានឃើញភាគលាភនៃវិស័យទេសចរណ៍បន្តិចម្តងៗត្រូវបានបែងចែកជាការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមថ្មីជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ផ្លែផ្កាទាំងនេះ ទោះតិចក្តីច្រើនក្តី នឹងបង្កើនភាពជឿជាក់ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម និងគាំទ្ររឹតតែច្រើនចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍របស់រដ្ឋបាលស្រុកក្នុងពេលកន្លងមក។ លេខទូរស័ព្ទទំនាក់ទំនងជួល៖ 088 382 8883 | 085 827 176 ទេសចរណ៍ជនបទ | ទៅលេងបន្ទាយស្រី"។