ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាអ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះសារក្នុងគោលបំណងស្វែងដើម្បីប្រកាសស្វែងរកស្ត្រីម្នាក់ដែលល្បីថាគាត់លួចបេះស្លឹកសាវម៉ៅហើយត្រូវម្ចាស់ចំការតាមទាន់និងរករឿងនៅនិងកន្លែង ហើយខ្លឹមសារដែលអ្នកស្រី បានបង្ហោះគឺមានខ្លឹមសារយ៉ាងដូច្នេះថា ៖

« មិនសូវដឹងរឿងច្បាស់ទេ តែបើកវីដេអូមក ឃើញអាណិត គេថាលួចបេះស្លឹកសាវម៉ាវ ម្ចាស់ឱ្យយកទៅដាក់កន្លែងដើមវិញ ទើបឱ្យសោរម៉ូតូ ហឹម អត់អោនខ្លះទៅ គ្រាន់តែណែនាំគ្នាបានហើយ ធ្វើឱ្យគ្នាភ័យ ដោយទាំងកូនៗទៀត។
មានបងប្អូនស្គាល់ទេ ចង់ជួយគាត់ខ្លះ ហើយក៏ចង់ដឹងរឿងថែមខ្លះដែរ។ បើគាត់លួចយកសាវម៉ាវពីក្រៅមកបន្លំលក់មែន អាហ្នឹងគាត់ខុសហើយ តែអប់រំគាត់ទៅបានហើយ។ ជីវិតអើយជីវិត ពិតជាពិបាកមែន» ៕


