មន្រ្តីសុខាភិបាល និងសហការជាមួយអាជ្ញាធរ អ្នកជំងឺនិងក្រុមគ្រួសារគាត់ ដើម្បីស្រាវជ្រាវ អង្កេតរកអ្នកប៉ះពាល់ ដោយប្រយោលបន្ថែមទៀត
ស៊ីហៀង
-

នៅសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍កំពុងបន្តធ្វើការតាមដានសុខភាពអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន១៣នាក់ជាមួយស្ត្រីទ័ពមួកខៀវ ដែលវិជ្ជមានកូវីដ១៩ នៅ ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះ ទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀតហើយ។

ដោយឡែកនៅមុននេះបន្តិច រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ថា៖ មន្ទីរសុខាភិបាល ខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ករណីដែលលោក អ៊ុំ ឡេង ចៅសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើរបាយការណ៍ជូនលោកអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល ស្តីអំពីសកម្មភាពរបស់អ្នកជំងឺ ផ្ទុកមេរោគកូវីដ ១៩ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទើបនិងរកឃើញថ្មីនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ថា បានធ្វើសកម្មភាពដូចក្នុងលិខិតលេខ ០១១/២០ របក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ (បានធ្វើបាយសម្ល ជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងធ្វើចង្ហាន់ទៅវត្ត) គឺមិនត្រឹមត្រូវគ្មានប្រភពច្បាស់លាស់ ខុសពីការចុះធ្វើអង្កេត តាមដាន ស្រាវជ្រាវ របស់មន្រ្តីជំនាញ សុខាភិបាលបានសហការផ្តល់ព័ត៏មានពីអ្នកជំងឺ និងក្រុមគ្រួសាររបស់គាត់។ ជាក់ស្តែងមន្ត្រីជំនាញ សុខាភិបាលបានសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់អនុវត្តន៍ តាមបច្ចេកទេសជំនាញជាជំហានៗ តាមវិធានការបង្ហារទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។

ក្រោយពីអ្នកជំងឺខាងលើបានទទួលលទ្ធផលតេស្តមេរោគកូវីដ១៩ វិជ្ជមាន យើងបានចុះយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ដល់សមាជិកក្រុមគ្រួសារ អ្នកជំងឺដែលរស់នៅក្នុងផ្ទះជាមួយគ្នា ចំនួន៩នាក់ (ស្រី០៣ នាក់ ) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ហើយលទ្ធផលតេស្ត ពីវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមាន ទាំង០៩នាក់ នៅវេលាយប់ថ្ងៃនោះដែរ ហើយអ្នកទាំង០៩នាក់ បាននឹងកំពុងតែដាក់ឲ្យធ្វើចត្តាឡឺស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡឺស័កក្នុងក្រុងតាខ្មៅ ដើម្បីបន្តការពិនិត្យអង្កេតតាមដាន និងព្យាបាល។ ជាបន្តមន្រ្តីសុខាភិបាលនិងសហការជាមួយអាជ្ញាធរ អ្នកជំងឺនិងក្រុមគ្រួសារ គាត់ ដើម្បីស្រាវជ្រាវ អង្កេតរកអ្នកប៉ះពាល់ ដោយប្រយោលបន្ថែមទៀត។