សហគមន៍ទេសចរណ៍នៅតាមមូលដ្ឋានក្នុងស្រុកបន្ទាយស្រី បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលពុកម៉ែបងប្អូន
-

សហគមន៍ទេសចរណ៍នៅតាមមូលដ្ឋានក្នុងស្រុកបន្ទាយស្រីបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលពុកម៉ែបងប្អូនមកពីទីជិតឆ្ងាយ ដែលអញ្ជើញមកទស្សនាតាមតំបន់ទេសចរណ៍នានាក្នុងស្រុក ប្រកបដោយសុវត្ថិភាព ផាសុខភាព និងរបៀបរៀបរយស្អាត ក្នុងន័យបង្ការការរីករាលដាលនៃជម្ងឺកូវីដ១៩ផង និងធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរផង។

ក្រៅពីការបោសសម្អាត និងដាក់ពង្រាយធុងសំរាមនៅតាមទីសាធារណៈ អាជ្ញាធរបានធ្វើការអប់រំ ជម្រុញ និងណែនាំឲ្យប្រតិបត្តិករទេសចរណ៍នៅតាមសហគមន៍ទាំងអស់ គោរព និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ព្រមទាំងមានការចែករបាំងមុខនិងម៉ាស់ ការបាញ់ថ្នាំសម្លា ប់មេរោគ ការកត់ត្រាទិន្នន័យភ្ញៀវទេសចរ និងការរក្សាគម្លាតផងដែរ។ មានប្រតិបត្តិករខ្លះ ថែមទាំងទទួលបានផ្លាកសញ្ញាសុវត្ថិភាពពីក្រសួទេសចរណ៍ទៀតផង។

អ្នកស្រុកធ្វើបានហើយ នៅឡើយតែភ្ញៀវទេសចរទេ! ដូចប្រសាសន៍អំពាវនាវរបស់ឯកឧត្តមអភិបាលខេត្ត ទៀ សីហា “សប្បាយបាន តែសូមកុំភ្លេចរឿង៣យ៉ាង”៖

1. កុំភ្លេច ត្រៀមយកម៉ាស់ ឬក្រម៉ា

2. កុំភ្លេច ជែល ឬអាល់កុលលាងដៃ

3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម

សៀមរាបផ្ទះខ្ញុំ | សម្រាកសៀមរាប / ទៅលេងបន្ទាយស្រី

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan