ពោធិ៍សាត់៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឆកបោក ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង១៣នឹង០៣នាទី។
ជនសង្ស័យទី១. ពៅ ស្រីវុធ អាយុ៣៨ឆ្នាំ ភេទស្រី និង ទី២. ឈ្មោះ ពៅ សំណាង អាយុ៣២ឆ្នាំ ភេទស្រី។ ចំណែកជនរងគ្រោះមានឈ្មោះថា ផៃ យូវ អាយុ៦០ ឆ្នាំ ភេទស្រី រស់នៅក្នុងភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ និងឈ្មោះ ប៊ូ ម៉េងគួយ អាយុ ២២ ឆ្នាំ ភេទប្រុស រស់នៅជាមួយម្ដាយមីងខាងលើ ។

សមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដា C125 មួយ គ្រឿង គ្មានស្លាកលេខ បានដឹកទឹកឃ្មុំដើរលក់ឲ្យប្រជាពលរដ្ឋទូទៅ។
សមត្ថកិច្ចបានបន្តទៀតថា ខណៈមកដល់ផ្ទះជនរងគ្រោះទាំងពីរនេះ ជនសង្ស័យក៏បានឈប់ម៉ូតូចូលលក់ទឹកឃ្មុំ ចំនួន២០០លីត្រឲ្យពួកគាត់ទិញទុកសម្រាប់លក់បន្តមិនបានប៉ុន្មានថ្ងៃផង ទឹកនោះក៏ក្លាយជាក្រាមស្ករត្នោតពួកគាត់ទើបដឹងថាចាញ់បោកគេ ក៏ស្រាប់មានការភ្ញាក់ផ្អើកប្រញ៉ាប់ប្រញាល់ផ្តល់ ព័ត៌មានជូនលោក មេភូមិតែម្តង។
បន្ទាប់ពីបានទទួលដំណឹង ពីប្រជាជនហើយនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាម។ សមត្ថកិច្ចបានដកហូតទឹកឃ្មុំក្លែងក្លាយ ចំនួនប្រហែល ១០០ លីត្រ និងម៉ូតូមួយគ្រឿងរួមទាំង ជនសង្ស័យទាំង០២នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក និងសុំ ការអនុញ្ញាតពី ឯកឧត្តមព្រះរាជ្យអាជ្ញាចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីស្រាវជ្រាវចាត់ការបន្តជុំវិញករណីរឿងមួយនេះ៕