ប្រភេទត្រីកម្រ និងជិតផុតពូជ ត្រីត្រស់មួយក្បាលទម្ងន់ ៩គីឡូក្រាម និងស្រីខ្យា ត្រូវបានដកហូត ព្រោះតែ...(មានវីដេអូ)
សីហា
-

ខេត្ត​ស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២០ ត្រង់​ចំណុច​អូរ​អញ្ជាង ស្ថិត​ក្នុង​ភូមិ​ខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្ត​ស្ទឹងត្រែង ​ចុះពិនិត្យទីតាំងនេសាទ ខុសច្បាប់ ចំនួន ៩កន្លែង និង​ដកហូត​ត្រី​ត្រសក់ មួយ​ក្បាល​មានទម្ងន់រហូតដល់ទម្ងន់៩ គីឡូក្រាម និង​ត្រី​ខ្យា មួយ​ក្បាល។

ត្រី​ត្រសក់ គឺជា​ប្រភេទ​ត្រី​ធំ ក្នុងចំណោម​ប្រភេទ​ត្រី​ធំៗ​ដទៃទៀត ដែល​រស់នៅក្នុង​ទន្លេមេគង្គ​។ ត្រី​ប្រភេទ​នេះ វា​អាច​ធំ​លួត​លាស់​រហូតដល់​ទម្ងន់​ជាង​៩០​គីឡូក្រាម (២០០ ផោន​) និង​មាន​ប្រហែល​ដងខ្លួន ១,៥ ម៉ែត្រ (៥​ហ្វី​ត​) ។ ចំនែកឯស្រីខ្យាវិញ មានឈ្មោះ​វិទ្យាសាស្ត្រ (Hemibagrus wyckioides) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian Red Tailed Catfish, Red fin bagrus មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៣០​ស​.​ម និង​ទម្ងន់​អតិបរិមា ៨៦​គីឡូក្រាម​។ 

ត្រី​ខ្យា​រស់នៅ​តាម​ទន្លេ​តាម​ដង​ទន្លេ អូរ​ធំៗ ក្នុង​តំបន់​ខ្ពង់រាប​ដែលមាន​ទឹក​ជ្រៅ និង​ផ្ទាំង​ថ្ម​ធំៗ​។ នៅក្នុង​ប្រទេស​កម្ពុជា ត្រី​ខ្យា​មាន​រស់នៅ​ច្រើន​ក្នុង​ទន្លេ (​ស​៣) គឺ​សេកុង សេ​សាន និង​ស្រែ​ពក​។ ត្រី​ខ្យា ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។

នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​រដូវ​នេះ គឺជា​រដូវ​បិទ​នេសាទ តែ​​សកម្មភាព​នេសាទ​ខុសច្បាប់ នៅ​តែ​កើត​មាន​តាម​ទី​ដាច់ស្រយាល​មួយ​ចំនួន ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ពូជ​ត្រី​សំខាន់ៗ​ ។ លោកបាន​បន្ត​ទៀត​ថា ការ​ចុះ​រុករក​ទីតាំង​នេសាទ​ខុសច្បាប់ ខាង​លើ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ទីតាំង ដាក់ឆ្នុកខុសច្បាប់ ក្នុងអូចំនួន៩កន្លែង នៅ​ក្នុង​អន្លង់​អភិរក្ស​របស់​សហគមន៍ សាមគ្គី​រុងរឿង និង​បាន​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់ មួយ​ចំនួន និង​ប្រភេទ ត្រី​កម្រ ចំនួន​ពីរ​ក្បាល គឺ​ត្រី​ខ្យា​មួយ​ក្បាល និង​ត្រី​ត្រសក់ មួយ​ក្បាល​​៕

ទស្សនាវីដេអូខាងក្រោម៖