កាលពីវេលាម៉ោង១ និង៣០នាទីរំលងធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហាឆ្នាំ២០២០ នៅចំណុចផ្លូវមាត់ទន្លេក្នុងបរិវេណកោះពេជ្រ ជិតស្ពានឥន្ទនូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសម្នាក់បើករថយន្តមួយគ្រឿងយ៉ាងលឿន បោះពួយទៅបុកខឿនមាត់ច្រាំងទន្លេ បណ្តាលឲ្យបាក់ថ្មខឿនអស់មួយផ្ទាំងធំ ហើយរថយន្តហោះចូលទឹកទន្លេតែម្តង។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ កំពុងតែបើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-9666 បានរេចង្កូតពេញផ្លូវ នៅក្នុងបរិវេណកោះពេជ្រ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងមាត់ទន្លេទិសដៅពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅបុកខឿនមាត់ច្រាំងទន្លេពេញទំហឹង បណ្តាលឲ្យបែកបាក់ជាច្រើនម៉ែត្រខ្ទេចខ្ទី រួចរថយន្តបង្កបន្តទៅមុខធ្លាក់ ចូលទៅត្រាំក្នុងទឹកទន្លែងតែម្តង សំណាងល្អម្ចាស់មិនមានរងរបួស។

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅឯការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ប្រភព៖ PNN News