នៅក្នុងកំឡុង ថ្ងៃឈប់សម្រាកនេះ មានបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើកុះករ បានធ្វើដំណើរកម្សាន្ត មានអ្នកខ្លះ ទៅជាលក្ខណៈគ្រួសារ ហើយក៏មានអ្នកខ្លះទៀត ក៏ជាលក្ខណៈមិត្តភក្តិ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងរមណីដ្ឋាន ផ្សេងៗ ក៏ដូចជាទៅតាមបណ្តាលតំបន់ល្បីជាច្រើន នៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ក៏មានបងប្អូនជាច្រើន សម្រុកទៅលេងខេត្តកែប ដែលជាកន្លែងមួយមានទេសភាពស្រស់ស្អាត ស្រូបខ្យល់បរិសុទ្ធ ពិសេសនោះគឺ ទៅទិញគ្រឿសមុទ្រ យកមកទទួលទាន ព្រោះថានៅទីនោះ មានគ្រឿងសមុទ្រស្រស់ៗ គួរឲ្យទទួលទានខ្លាំងណាស់។

ទន្ទឹមនឹងនេះ ក៏មានអ្នកលក់ដូរមួយចំនួនតូច ដែលមិនមានភាពស្មោះត្រង់ ចំពោះអ្នកទិញ ដោយលក់គ្រឿងសមុទ្រ មិនល្អ ឬ លាយជាមួយគ្រឿងសមុទ្រ ដែលខូចគុណភាពជូនភ្ញៀវទទួលទាន។

ដោយសារមានការគិតគូរ ពីសុខភាព របស់អ្នកហូប លោកអភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា " សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍គឺជារឿងសំខាន់បំផុត ក្នុងនាមអាជ្ញាធរត្រូវតែគិតគូរ និងយកចិត្តទុកដាក់!
ខេត្តកែប, ព្រឹកថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ខ្ញុំបានដឹកនាំអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាពទំនិញ នៅទីតាំងផ្សារក្តាម ព្រមទាំងបានដកហូតទំនិញអន់គុណភាព និងបង្គាប្រើប្រាស់សារធាតុហាមឃាត់ដែលមានចាក់សារធាតុចាហួយយកទម្ងន់ ចំនួនជិត១០០គីឡូក្រាម យកទៅដុតបំផ្លាញចោល "។




