រដ្ឋបាលខេត្តកំពង់ធំ ៖ សេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាម សេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេស កម្ពុជានឹងបន្តទទួលរងនូវវិសម្ពាធ និងសម្ពាធទាប ដែលជាឥទ្ធិពលនៃព្យុះទី១៧ ឈ្មោះសូដែល។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ក្នុងខេត្តកំពង់ធំរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលអាចធ្វើឱ្យកម្ពស់ទឹកនៅតាមស្ទឹងនានាក្នុងខេត្តមានការហក់ដល់កម្រិតប្រកាសអាសន្ន៖
១.ស្ទឹងស្ទោង៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកឡើងដល់ ៥,៧០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៥,៨០ម៉ែត្រ)។
២.ស្ទឹងសែន៖
- ស្ថានីយវាស់កម្ពស់ទឹកស្រុកសណ្ដាន់៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក ឡើងដល់ ១៨,១៦ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៨,៥០ម៉ែត្រ)
- ស្ថានីយវាស់កម្ពស់ទឹកក្រុងស្ទឹងសែន៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក ឡើងដល់ ១៣,០៥ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៣,៥០ម៉ែត្រ)
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន និងស្ទឹងស្ទោង មេត្តាបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ និងឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាពនៅក្បែរ បំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង។

អាជ្ញាធរពាក់ព័ន្ធត្រូវបន្តតាមដានស្ថានភាពទឹកជំនន់នេះ និងរៀបចំទីទួលសុវត្ថិភាព សមរម្យ និងត្រៀមឧបករណ៍ចាំបាច់សម្រាប់សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ ជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះឱ្យបានទាន់ពេល វេលា និងមានប្រសិទ្ធភាពខ្ពស់ ៕

