នៅមុននេះបន្តិច ក្រសួងអប់រំយុវជន និងកីឡា បានចេញសេក្តីជូនដំណឹង ស្តីពី ការពង្រឹងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមគ្រឹៈស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា៖ ដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្រសួងអប់រំយុវជន និងកីឡា សូមស្នើដល់ខេត្តដែលមានការពាក់ព័ន្ធអនុវត្តដូចតទៅ៖
១. គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរខេត្តអំពី វត្តមាននៃការផួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់បុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ចាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា
២. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ដែលសង្ស័យថាបានចូលរួមប្រជុំ ឬ ប្រាស្រ័យទាក់ទង
៣. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង
៤. បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំ តាមលំដាប់ថ្នាក់ និងអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវ បំផុត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់ការរិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល គ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕