(បរទេស) នៅរសៀលថ្ងៃច័ន្ទនេះក្រសួងសុខាភិបាលប្រទេសថៃបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៤៤ ករណី ខណៈការឆ្លងក្នុងសហគមន៍លើពលរដ្ឋថៃមានរហូតដល់ទៅ១១៥ករណី ហើយ១៤ករណីទៀតជាពលករចំណាកស្រុក និង១៥ករណីផ្សេងទៀតជាករណីនាំចូល នេះបើតាមការចុះផ្សាយរបស់Bangkok Postនៅរសៀលថ្ងៃទី២៨ធ្នូនេះ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បាននិយាយថាការឆ្លងទាំងទៅលើពលរដ្ឋថៃក្នុងសហគមន៍ទាំង១១៥ករណីនេះ ត្រូវបានរកឃើញភាគច្រើននៅ បាងកក, សាមុត ប្រាកាន, ផាទុម ថានី, ណាខន ផាទុម និងខេត្តផ្សេងៗមួយចំនួនទៀត។
ដោយឡែក ករណីឆ្លងថ្មីក្នុងតំបន់នេះក៏បានរកឃើញទាក់ទងនឹងការលេងល្បែ.ងក្នុងខេត្តរ៉ាក់យ៉ងមានរហូតដល់ទៅ ២១ករណី នៅឆុនបូរីមួយករណី និងមួយករណីទៀតនៅឈៀងម៉ៃ។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Taweesilp បានអោយដឹងថា ចាប់ពីថ្ងៃទី១៥ធ្នូនៃការផ្ទុះឡើងក្នុងខេត្តសាមុត សាខន ដល់ថ្ងៃទី ២៧ធ្នូម្សិលមិញ ការឆ្លងក្នុងសហគមន៍ត្រូវបានរាយការណ៍ថា បានឆ្លងរាលដាលដល់ទៅចំនួន៤៣ខេត្តហើយក្នុងប្រទេសថៃ ពោល គឺបន្ទាប់ពីរកឃើញករណីឆ្លងនៅ ក្នុងខេត្ត ចំនួន៥ទៀតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហើយចំនួនអ្នកឆ្លងសរុបក្នុងប្រទេសថៃនៅពេលនេះគឺកើនឡើងដល់ ៦,២៨៥ករណី ខណៈ ៤,១៨០នាក់បានជាសះស្បើយ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost