ឆ្មាចិញ្ចឹមមួយក្បាលនៅឃ្វីនឡែនប្រទេសអូស្ត្រាលីត្រូវបានគេប្រសិទ្ធិនាមថាជា“ វីរបុរសជើងបួន” បន្ទាប់ពីវាបានស្លាប់ដោយប្រយុទ្ធជាមួយសត្វពស់ដ៏សាហាវមួយដើម្បីការពារកុមារតូចៗ ដែលជាម្ចាស់របស់វា។
យោងតាមការបង្ហោះពីទីភ្នាក់ងារសង្រោ្គះសត្វ បានលើកឡើងថា ឆ្មាដែលមានក្បាលខ្លីឈ្មោះ Arthur បានដើរតាមក្មេងទាំងពីរហើយលេងនៅទីធ្លាសួនច្បារខាងក្រោយផ្ទះ ដោយកុមារតូចៗទាំងនោះកំពុងតែលេង និងមិនបានដឹងថាមានពស់ពិសមួយក្បាលនៅក្បែរខ្លួនពួកគេឡើយ ចំណែកសត្វឆ្មាក្រោយពីបានឃើញសត្វពស់ដូច្នេះ ក៏ស្ទុះទៅប្រយុទ្ធជាមួយសត្វពស់នោះយ៉ាងស្វិតស្វាញ រហូតដល់ខាំពស់នោះងាប់ក្នុងការការពារក្មេងៗឱ្យផុតពីគ្រោះថ្នាក់ ប៉ុន្ដែជាអកុសលឆ្មានោះក៏ត្រូវបានពស់ នោះចឹកឱ្យងាប់ផងដែរ។
ពិសរបស់ពស់ដែលខាំឆ្មា Arthur មានឈ្មោះថា Australian Brown Snake ជាប្រភេទសត្វពស់ដែលមានពិសខ្លាំងបំផុតទី២ នៅលើពិភពលោក។ ពស់នេះមានចង្វាក់ក្នុងការប្រយុទ្ធលឿនណាស់ បើសិនជាខាំហើយមិនងាយនឹងលែងឡើយ។ ពិសរបស់វាជ្រាបចូលទៅក្នុងសរសៃឈាមភ្លាមៗ នៅពេលដែលវាខាំ ការខាំរបស់វាបណ្ដាលឱ្យមានការកកឈាមក្នុងសរសៃឈាម ដែលបណ្ដាលឱ្យដួលទ្រុឌទ្រោម និងស្លាប់ក្នុងរយះពេលភ្លាមៗ។
ក្រុមគ្រួសាររបស់កុមារតូចៗដែលជាម្ចាស់ បានប្រញាប់ប្រញាល់ឆ្មាទៅពេទ្យសត្វដើម្បីជួយសង្គ្រោះ ប៉ុន្ដែទោះយ៉ាងណាស្ថានភាពរបស់វាធ្ងន់ធ្ងរពេក និងមិនអាចព្យាបាលជាបានឡើយ។
“ គ្រួសារមួយនេះមានភាពរន្ធត់ជាខ្លាំង និងចងចាំនូវវីរភាពមួយនេះដោយក្តីគោរពនិងដឹងគុណជារៀងរហូតចំពោះសត្វឆ្មា Arthur មួយក្បាលនេះបានជួយសង្គ្រោះជីវិតកូនៗរបស់ពួកគេ ពីសត្វពស់ដ៏សាហាវមួយនេះ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ dailymail