នៅព្រៃវែង បិទសាលារៀនមួយភ្លាមៗ ព្រោះមានគ្រូបង្រៀន ២ នាក់ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩
-

ព្រៃវែង ៖ មានអ្នកជំងឺកូវីដម្នាក់បានទៅចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា អ្នកជំងឺម្នាក់នេះដែលមានប្តីជនជាតិចិន មានទីលំនៅអគារ Skyline ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតជាបានមកចូលរួមក្នុងពិធី មង្គលការនៅភូមិទួលសង្កែទទឹងឃុំជាច ស្រុកកំចាយមារកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ពិតមែន។ ម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន៨០០នាក់។

ហើយម្យ៉ាងទៀតដោយសារម្ដាយ និងម្ចាស់ពិធីមង្គលការជាគ្រូបង្រៀន និងគ្រប់វត្តមានគ្រូនៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ដែលបានចូលបង្រៀនសិស្សបន្ទាប់ពីមង្គលការកូនផងនោះ ទើបអាជ្ញាធរខេត្តសម្រេចផ្អាកការសិក្សាមួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាពការណ៍៕ (ទាំងអស់ជារូបភាពតំណាង)