បុរសម្នាក់ឈ្មោះយៀនធី អាយុខ្ទង់៤៨ឆ្នាំមានដើមកំណើតនៅ ភូមិរវៀង ឃុំកណ្តោលជ្រុំ ស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។បានបែកគ្នាជាមួយសាច់ញាតិបងប្អូនជាង២០ឆ្នាំធ្លាក់ខ្លួនដើរពនេចរផ្សងវាសនាលើភពផែនដី គ្រប់ច្រកល្ហកយកវត្ត និងសាលាដំណាក់ធ្វើជាផ្ទះស្នាក់អាស្រ័យ ។ពេលថ្ងៃដើរសុំអាហារពីអ្នកភូមិហូប ដោយមិនគិតថាមានរសជាតិឆ្ងាញ់ពិសារអ្វីឡើយ ។ ចំណែកទឹកវិញឲ្យតែឃើញចេះតែហូប ទោះទឹកអ្វីក៏ដោយ មិនបានគិតថា ទឹកមានមេរោគឬអត់រោគនោះទេ ។
![](/wp-content/uploads/2021/5/30/media/large/157168/kn352523_(1).jpg?1622376385)
![](/wp-content/uploads/2021/5/30/media/large/157169/kn352523_(2).jpg?1622376385)
ជីវិតពិតជាការតស៊ូមែន ជាតិទេទើបជាទុក្ខ បើតាមមើល លោកយៀនធី ប្រហែលជាមានទេវតា តាមថែរក្សារាងកាយរបស់លោកហើយមើលទៅ ? ព្រោះគាត់សូម្បីតែឈឺឬគ្រុនក្តៅក៏មិនដែលដែរ មួយថ្ងៃៗ ដឹងតែដើរផ្សងព្រេង ពីភូមិមួយទៅភូមិមួយ ពីខេត្តមួយ ទៅខេត្តមួយ អ្វីដែលមនុស្សគ្រប់រូបមិនដឹងនោះគឺលោកយៀនធី បានសន្សំលុយ ដែលបានមកពី ការអាណិតអាសូរ្យ របស់បងប្អូនខ្មែរយើងឲ្យគាត់ គឺគាត់ទុកដាក់បានយ៉ាងល្អ រុំព័ទ្ធ មូលដូចបាល់ ស្ពាយដើរដាក់តាមខ្លួនគ្រប់ពេលវេលា គ្មានអ្នកណាដឹងថាជាលុយនោះឡើយ ។ មនុស្សម្នាផងទាំងឡាយតែងយល់ឃើញ ថា យៀនធី ជាមនុស្សមានសតិមិនគ្រប់គ្រាន់ម្លោះហើយថង់ទិព្វដែលគាត់ដាក់លុយស្ពាយនោះ គ្មានអ្នកចាប់អារម្មណ៍អ្វីទេ ។
![](/wp-content/uploads/2021/5/30/media/large/157170/kn352523_(3).jpg?1622376392)
![](/wp-content/uploads/2021/5/30/media/large/157171/kn352523_(4).jpg?1622376392)
ដោយអស់កម្មអស់ពៀរវេរាកម្មចង ក្នុងរយៈពេលជាង២០ឆ្នាំកន្លងស្រាប់តែបងស្រីរបស់យៀនធី ចេះតែមានអារម្មណ៍នឹកភ្នកដល់ប្អូនប្រុសជាទីស្រលាញ់ខុសពីធម្មតា ដែលប្រាកដក្នុងចិត្តថាបានស្លាប់យូរហើយ ។ បើនៅរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់នោះថា គាត់នឹកប្អូន ប្រុសប្រហែលជាង២ខែគឺនឹកខ្លាំង តមកស្រាប់តែឮ ដំណឹងថា ប្អូនប្រុសរបស់គាត់មិនទាន់ស្លាប់ទេ គេឃើញឆ្គួតគឺដើររើស សំរាមស្ពាយថង់ដើរដេកតាមវត្តអារាមនិងផ្សារនៅ ម្តុំស្រុកកោះធំខេត្តកណ្ដាល។ ឮដូច្នោះស្ត្រីដែលជា បងស្រីបង្កើតយៀនធី បានពិគ្រោះ យោបល់គ្នាជាមួយបងប្អូននិងកូន ប្រសារហើយក៏ជិះម៉ូតូកង់បី ដើរស្វែងរកប្អូនប្រុសចេញដំណើរពី ខេត្តត្បូងឃ្មុំទៅស្រុកកោះធំតែម្តង។ ពេលទៅដល់ហើយបានជួបដូចក្តីប្រាថ្នាមែន គឺឃើញប្អូន អាណិតខ្លោចផ្សាចិត្តជាពន់ពេកទឹកភ្នែកហូរមិនដឹងខ្លួន ព្រោះឃើញសកម្មភាពយៀនធីដើរឆ្កឹះសំរាម និងដេកលើឥដ្ឋធ្វើជាផ្ទះ មិននៅអង់យូរឡើយ គាត់បានប្រថុយចូលទៅជិតប្អូនប្រុសស្រែកហៅ ឈ្មោះយៀនធីៗ ចំណែក យៀនធី ក៏នៅចាំចងសម្លេងបងស្រីបានផងដែរ ហើយក៏យំអោបគ្នា ។ តមកទើបឡើងជិះម៉ូតូកង់បីមករកវត្តដែលពូធីធ្លាប់ស្នាក់នៅពេលយប់ៗ ។
![](/wp-content/uploads/2021/5/30/media/large/157172/kn352523_(5).jpg?1622376398)
![](/wp-content/uploads/2021/5/30/media/large/157173/kn352523_(6).jpg?1622376398)
យៀនធី ក៏បង្គំថ្វាយព្រះសង្ឃ ជា ចៅអាវាសប្រាប់ថា÷ គាត់នឹងលា លោកគ្រូទៅស្រុកកំណើតវិញហើយជាហេតុធ្វើឱ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះម្នាក់ៗ ក៏យល់ថាយៀនធី ឆ្គួតចិត្ត មិនដឹងអ្វីទេ ។
តមកយៀនធី ប្រាប់ព្រះសង្ឃថា មុននឹងទៅខ្ញុំករុណាសុំពេលរាប់លុយសិន ហើយក៏ទាញថង់ទិព្វរបស់គាត់ចំនួន៣ការ៉ុងដែលស្ពាយតាមខ្លួនពេលនោះ ព្រះអង្គចៅអធិការវត្តក៏បានហៅ ញាតិញោម ឧបាសក់មកអោយជួយរាប់លុយយៀនធី កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១។ ប្រាក់របស់យៀនធី រួមមាន÷ ប្រាក់ដុល្លាមានចំនួន៨៣០$និងប្រាក់រៀលមានចំនួន១៤,៤២០,០០០៛ដប់បួនលានបួនសែនពីរមុឺនរៀល ។
![](/wp-content/uploads/2021/5/30/media/large/157174/kn352523_(9).jpg?1622376405)
![](/wp-content/uploads/2021/5/30/media/large/157175/kn352523_(10).jpg?1622376405)
សូមបញ្ជាក់ថាស្ត្រីត្រូវជាបងស្រី យៀនធីបានរៀបរាប់ថា÷ មូលហេតុដែលប្អូនប្រុសរបស់គាត់ ចេញចោលផ្ទះនោះ ដោយសារឳពុករបស់គាត់មានប្រពន្ធចុង ក្រោយ ហើយយៀនធី រស់នៅមិនកើត មិនចំណុះចុះនិងម្តាយចុងនោះក៏សុខចិត្ត ចេញពីផ្ទះមិនទាំងបានប្រាប់អ្នកផ្ទះឲ្យដឹងផងនោះទេ គឺបាត់ឈឹងតែម្តង ។
![](/wp-content/uploads/2021/5/30/media/large/157176/kn352523_(7).jpg?1622376410)
ក្រោយពីរាប់លុយអស់ចំនួន៣ការរ៉ុងហើយ យៀនធី បានថ្វាយបង្គំទូលលា ព្រះគ្រូចៅអធិការ វត្តដោយក្តីគោរព និងសអោយព្រះអង្គប្រទានពរជ័យដល់បងប្អូន របស់គាត់ផងដែរ ៕ ប្រភព៖ Vadthanak Preap
![](/wp-content/uploads/2021/5/30/media/large/157178/kn352523_(11).jpg?1622376422)