ថៃ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បានថ្លែងថា ក្រសួងសុខភិបាលបាននឹងកំពុងធ្វើការស៊ើបអង្កេត ទៅលើករណីនៃការស្លាប់របស់ស្រ្ដីវ័យ៤៦ឆ្នាំ ក្រោយពីទទួលបាននូវការចាក់វ៉ាក់សាំង AstraZeneca លោកបានថ្លែងបែបនេះខណៈដែលលោកក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Panyapat Itthithanawong ដែលរស់នៅក្នុងសង្កាត់ Bang Khen នៃទីក្រុងបាងកក។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាអ្នកស្រី Panyapat បានទទួលវ៉ាក់សាំង AstraZeneca មួយដូសកាលពីព្រឹកថ្ងៃអង្គារហើយចាប់ផ្តើមមានអារម្មណ៍មិនល្អនៅប៉ុន្មានម៉ោងបន្ទាប់ពីស្ដ្រីរូបនោះបានត្រឡប់មកផ្ទះវិញ។ ដោយស្ដ្រីរូបនោះមានអាការះគ្រុនក្តៅខ្លាំងនិងឈឺក្បាលហើយត្អូញត្អែរថាអស់កម្លាំង។ គាត់បានលេបថ្នាំបំបាត់ការឈឺចាប់ចំនួន ២ គ្រាប់ហើយរោគសញ្ញារបស់គាត់ហាក់ដូចជាធូរស្រាល លើកលែងតែការឈឺក្បាលតែប៉ុណ្ណោះដែលកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។
ក្មួយស្រីរបស់ស្ដ្រីរូបនេះ ដែលបានកំពុងមើលថែមីងរបស់ខ្លួនបាននិយាយថាបន្ទាប់ពីមីងរបស់គេ បានលេបថ្នាំដែលត្រូវបានចេញដោយវេជ្ជបញ្ជារបស់គ្រូពេទ្យរួច បានធ្វើឲ្យមានអាការះប្រកាំង ប្រហែលជា ១៥ នាទីក្រោយមកគាត់ពិបាកដកដង្ហើមនិងប្រកាច់មុនពេលសន្លប់បាត់ស្មារតី។ ក្មួយស្រីរបស់គាត់បានទូរស័ព្ទហៅអ្នកជិតខាងនិងអ្នកជួយសង្គ្រោះប៉ុន្តែជាអកុសលស្ត្រីនោះមិនអាចធ្វើការសង្គ្រោះបាននោះទេ។
លោកប៉ូលីស Atthapol Meeseang នៃសង្កាត់ Bang Khen បាននិយាយថាក្រុមគ្រួសាររបស់ស្ត្រីរូបនេះបានប្រាប់ប៉ូលីសថាគាត់បានលេបថ្នាំដើម្បីបំបាត់ការឈឺក្បាលធ្វើឲ្យមានអាការះប្រកាំង។ ជាងនេះផងដែរគ្រូពេទ្យខ្លះបានព្រមានប្រឆាំងអំពីផលប៉ះពាល់នៅក្នុងការប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីព្យាបាលក្នុងកំឡុងពេលនៃការចាក់វ៉ាក់សាំង។ ការពិនិត្យបឋមបង្ហាញថាស្ត្រីរងគ្រោះដោយសារឈាមរត់មិនទៀងទាត់និងមានបញ្ហាបេះដូង។
រដ្ឋមន្ដ្រីសុខាភិបាលលោក Anutin និយាយថាការស៊ើបអង្កេតចំពោះការស្លាប់របស់នាងនឹងពិចារណាលើស្ថានភាពសុខភាពដែលស្ត្រីមានមុនពេលទទួលទានថ្នាំបំបាត់នូវការឈឺចាប់ ក៏ដូចជាកំណត់ថាតើនាងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណា ឬមានប្រតិកម្មទៅនឹងវ៉ាក់សាំងដែរឬទេ។ គាត់និយាយថាខណៈពេលដែលមន្រ្តីសុខាភិបាលទទួលស្គាល់ថាមនុស្សមួយចំនួនអាចនឹងមានផលប៉ះពាល់បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ប៉ុន្ដែវាជាករណីកម្របំផុតមួយផងដែរ។ ប៉ូលីសបានបញ្ជាក់ថាការធ្វើកោសល្យវិច័យត្រូវបានអនុវត្តហើយពួកគេរំពឹងថាលទ្ធផលនឹងចេញក្នុងរយៈពេល 45 ថ្ងៃក្រោយ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Bangkok Post