ពីក្មេងកំព្រាកម្ពុជា ត្រូវគេមើលងាយ និងធ្វើបាប ចុងក្រោយបានឪពុកធម៌យកទៅចិញ្ចឹម ក្លាយជា អត្តពលិកមុជទឹកដ៏ឆ្នើមក្នុងព្រឹត្តិការណ៍អូឡាំពិក តំណាងឲ្យ…
សីហា
-

សហរដ្ឋអាមេរិច៖ ត្រលប់ទៅជាង ២០ ឆ្នាំមុន Jerry Windle ជនជាតិអាមេរិកាំងវ័យក្មេងបានបាត់បង់ម្តាយតែម្នាក់គត់នៅក្នុងគ្រួសារហើយគាត់បានធ្វើការផ្លាស់ទីពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋផ្លរីដា ដើម្បីចាប់ផ្តើមកសាងជីវិតសារជាថ្មី។ លោក Windle ចង់ក្លាយជាឪពុកម្នាក់ និងចង់មានកូនផងដែរ ប៉ុន្តែវាមិនអាចទៅរួចនោះទេព្រោះគាត់ជាជាមនុស្សខ្ទើយ ដែលជាហេតុធ្វើឱ្យគាត់មានការឈឺចាប់និងតូចចិត្តយ៉ាងខ្លាំង។

រហូតដល់ថ្ងៃមួយលោក Windle បានប្រទះឃើញអត្ថបទទស្សនាវដ្តីមួយស្ដីអំពីការស្វែងរកអ្នកត្រូវការចិញ្ចឹមកូន។ ភ្លាមៗនោះគាត់ក៏បានទាក់ទងទីភ្នាក់ងារខាងការសែតនោះ ដោយគាត់បានសម្រេចចិត្តបន្តធ្វើគ្រប់ជំហានក្នុងការបំពេញឯកសារទាំងអស់ដែលមានការទាំងការបោះត្រា ការផ្ដិតស្នាមមេដៃជាដើម ដោយគាត់ត្រូវរង់ចាំ ធ្វើនីតិវិធីផ្សេងៗបន្ថែមទៀត។

នៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ១៩៩៨ ក្មេងប្រុសម្នាក់បានបើកភ្នែកមើលឃើញពិភពលោកនៅក្រុងព្រះសីហនុដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ នៅអាយុមួយឆ្នាំទារកត្រូវបានគេយកទៅដាក់នៅមជ្ឈមណ្ឌលអប់រំស្ត្រីនិងកុមារ ដែលជាមណ្ឌលកុមារកំព្រានៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។

ដោយក្រុមមេដោះដែលបានមើលថែទាំទារករូបនោះ បានដាក់ឈ្មោះក្មេងនេះថា Pisey (ពិសី) មានន័យថាក្មេងតូចដ៏គួរឲ្យស្រលាញ់។ ហើយ ៨ ខែក្រោយមកវាសនារបស់ទារកមួយនេះនឹងនាំឱ្យគាត់មានជីវិតថ្មី។

មិនយូរប៉ុន្មានបន្ទាប់ពីចូលទៅក្នុងដំណើរការសុំកូនចិញ្ចឹម លោក Jerry Windle បានរកឃើញក្មេងខ្មែរម្នាក់កំពុងរង់ចាំអ្នកយកទៅទទួលចិញ្ចឹម។ នៅពេលដែលឃើញរូបក្មេងប្រុសកម្ពុជារូបនោះហើយ គាត់ដឹងច្បាស់ថាគាត់ពិតជាមានមនោសញ្ចេតនាជាមួយក្មេងប្រុសម្នាក់នោះជាខ្លាំង ដោយគាត់បានផ្ញើរូបថតរបស់គាត់និងខ្សែកមកប្រទេសកម្ពុជា។ និងបានសុំឱ្យមានការអន្ដរាគមន៍ពីមន្រ្តីកម្ពុជា និងសហរដ្ឋអាមេរិច ដែលអាចឲ្យរូបគាត់មានលទ្ធភាពយកក្មេងប្រុសរូបនោះមកចិញ្ចឹមបាន។

បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៥ ខែ ក្នុងខែមិថុនាឆ្នាំ ២០០០ គាត់ក៏បានមកទទួលយកក្មេងប្រុសរូបនោះ ដោយបានបីក្មេងប្រុសនោះនៅក្នុងដៃរបស់គាត់ ដោយគាត់បាននិយាយថា ខ្ញុំសន្យាជាមួយនឹងកូនរបស់ខ្ញុំថា ខ្ញុំនឹងធ្វើជាឪពុកម្នាក់ដែលល្អបំផុត ខ្ញុំចង់ឲ្យជីវិតរបស់កូនខ្ញុំពោរពេញទៅដោយសភមង្គល។

នៅពេលនោះដែរលោក Jerry Windle បានដាក់ឈ្មោះកូនចិញ្ចឹមរបស់គាត់ថា Jordan Pisey Windle ។

នៅអាយុ ៧ ឆ្នាំ លោក Jerry windle បាននាំ Pisey ទៅចូលរួមជំរុំរដូវក្តៅមួយនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជ្រមុជទឹក។ ដែលក្មេងៗត្រូវបានបណ្តុះបណ្តាលឱ្យជ្រមុជទឹកចូលទៅក្នុងទឹក។ នៅថ្ងៃទីពីរ ដោយមើលឃើញពីសមត្ថភាពនៃការជ្រមុជទឹករបស់Pisey លោកនាយកមជ្ឈមណ្ឌល បានប្រាប់ទៅលោក Jerry Windle ហើយនិយាយថា“ អ្នកគួរតែឱ្យកូនរបស់អ្នកក្លាយជាអ្នកជ្រមុជទឹក ថ្ងៃណាមួយរូបគេនឹងក្លាយជាជើងឯកថ្នាក់ជាតិ ហើយថ្ងៃណាមួយគាត់នឹងអាចឈានដល់ក្លាយជាអត្តពលិក នៅក្នុងកីឡាអូឡាំពិកថែមទៀតផង” ។

នៅក្នុងពេលនោះលោក Tim O'Brien ដែលជាកូនរបស់លោកវេជ្ជបណ្ឌិត Ron O'Brien គឺជាគ្រូបង្រៀនជ្រមុជទឹកដ៏ល្បី ដែលបានបង្វឹកក្រុមអត្តពលិកជម្រើសជាតិអាមេរិក៤ ដោយដណ្ដើមបានមេដាយមាសចំនួន៤ផងដែរ។

បន្ទាប់ពីការសម្រេចចិត្តរបស់លោក Jerry Windle តាមសំណើររបស់លោកនាយកមជ្ឈមណ្ឌលជ្រមុជទឹករួចមក ។ ចាប់តាំងពីពេលនោះមក Pisey បានចាប់ផ្តើមដើរក្នុងផ្លូវរបស់គាត់ក្នុងនាមជាអ្នកជ្រមុជទឹក។ គាត់បានផ្លាស់ទៅភាគខាងជើងនៃរដ្ឋ កាលីហ្វញ៉ា ដើម្បីធ្វើការសិក្សា។ គ្រូបង្វឹកលោក Tim O'Brien បាននិយាយថាPisey តែងតែញញឹម ជាមួយនឹងការស្រលាញ់និងការប្តេជ្ញាចិត្តហាត់ច្រើន។ ក្នុងនោះផងដែរPisey បានចូលរួមប្រកួតប្រជែងក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងសាកលវិទ្យាល័យដែលក្លាយជាអ្នកជ្រមុជទឹកម្នាក់ដែលពោពេញទៅដោយបទពិសោធន៍ប្រមូលផ្តុំផងដែរ។

ទោះយ៉ាងណាកុមារភាពនិងវ័យជំទង់របស់Pisey មិនសូវជាភ្លឺថ្លានោះឡើយ។ គាត់ត្រូវបានគេរើសអើងជាតិសាសន៍ថាជាក្មេងកំព្រាហើយវាយធ្វើបាបយ៉ាងខ្លាំងអំពីការដែលមានឪពុកជាមនុស្សស្រលាញ់ភេទដូចគ្នាប៉ុន្តែគាត់នៅតែស្រឡាញ់ឪពុករបស់ និងតែងតែគាំទ្រឪពុករបស់ខ្លួនជានិច្ច។

ក្នុងនោះដែរPisey បានបង្ហាញថាខ្លួនគាត់បានលុបចោលនូវការប្រមាថទាំងអស់នោះដែលមានមកលើខ្លួនគាត់។ ដោយគាត់បានឈ្នះជើងឯកយុវជនថ្នាក់ជាតិចំនួន ៦ និងជើងឯកថ្នាក់ជាតិចំនួន ៧ នៅក្នុងព្រឹត្តិការណ៍មុជទឹកចំនួន ៣ ហើយបច្ចុប្បន្ន លោកជាអ្នកតំណាងឱ្យក្រុមមុជទឹករបស់សាកលវិទ្យាល័យតិចសាស់។

ជាមួយនឹងសមត្ថភាពនេះ នៅអាយុ ២២ ឆ្នាំលោក Pisey បានជាប់ក្នុងក្រុមជម្រើសជាតិអាមេរិក។ ហើយបានធ្វើដំណើរទៅទីក្រុងតូក្យូ ២០២០ ក្នុងនាមជាអត្តពលិកអូឡាំពិក ជាអ្នកជ្រមុជទឹកដែលតំណាងឲ្យកម្ពុជា-សហរដ្ឋអាមេរិម នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ។

Pisey ក៏បានសាក់រូបទង់ជាតិកម្ពុជានៅលើដៃរបស់គាត់ ដើម្បីរំលឹកគាត់ថា ដើមកំណើតរបស់គាត់គឺមកពីណា។ គាត់បានត្រលប់ទៅស្រុកកំណើតរបស់គាត់ជាលើកដំបូងនៅអាយុ ១៦ ឆ្នាំដើម្បីប្រកួតប្រជែង ដោយគាត់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីទស្សនិកជនកម្ពុជាដែលបានបានអបអរសាទរមកលើរូបគាត់ ដោយពួកគេបានហៅឈ្មោះរបស់គាត់ថា ពិសី ៗថែមទៀតផង។

រាល់ពេលដែលគាត់ធ្វើការប្រកួត លោកប៉ារបស់គាត់តែងតែទៅគាំទ្រ រូបគាត់ជានិច្ច ។ ប៉ុន្តែនៅក្នុងកីឡាអូឡាំពិកនេះដែលជាការប្រកួតប្រជែងដ៏ធំបំផុត លោកប៉ារបស់គាត់មិនអាចធ្វើដំណើរជាមួយគាត់បាននោះទេ ដោយសារស្ថានភាពកូវីដ ១៩ ប៉ុន្តែគាត់តែងតែផ្ញើការលើកទឹកចិត្តតាមរយៈហ្វេសប៊ុកជារៀងរាល់ថ្ងៃជូនទៅដល់Pisey។

Pisey ប្តេជ្ញាឈ្នះមេដាយមាសដើម្បីធ្វើឱ្យឪពុកនិងប្រទេសជាតិរបស់គាត់មានមោទនភាព។ ដោយគាត់កំណត់ក្តីស្រមៃចង់ក្លាយជាអ្នកជ្រមុជទឹកម្នាក់ឡើងដល់កំពូល និងមានគោលបំណងចង់ក្លាយជាគ្រូបង្វឹកម្នាក់ដើម្បីបន្តបង្រៀនក្មេងៗជំនាន់ក្រោយ។

ក្នុងនោះផងដែរ លោកក៏ចូលរួមប្រយុទ្ធប្រឆាំងនឹងការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នានិងចូលរួមជាមួយគម្រោងហ្គេតថេស ដែលជួយនិងការពារការធ្វើអត្តឃាតក្នុងចំណោមយុវជនដែលត្រូវគេសម្លុតធ្វើបាបដោយសារតែភេទរបស់ពួកគេ ឬពួកគេត្រូវគេសម្លុតព្រោះមានឪពុកម្តាយរបស់ពួកគេជាអ្នកស្រឡាញ់ភេទដូចគ្នា៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភ