តារាចម្រៀងស្រីល្បីឈ្មោះ អេដា ដែលជាតារាចម្រៀង Original Song ម្នាក់ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈបទចម្រៀងជាច្រើនរបស់តារាស្រីរូបនេះ រួមមាន "ពីរនាក់បានហើយ, មានអ្នកថែឬនៅ, នៅទីនេះមានមនុស្សខូចចិត្ត, គេត្រូវគ្នាវិញហើយ និងមានបទចម្រៀងជាច្រើនបទទៀត។



ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ អេដា បានសម្រេចចិត្តភ្ជាប់ពាក្យជាអនាគតស្វាមីរបស់ខ្លួន ជាហេតុធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងពេលបានឃើញ Idol បានភ្ជាប់ពាក្យជាមួយមនុស្សដែលខ្លួនស្រឡាញ់ ថែមទាំងមានឪពុកក្មេកដ៏គួរឲ្យគោរពជាពន់ពេក។




ដោយឡែកនៅថ្ងៃនេះ អេដា បានបង្ហោះសារសរសើរពីទឹកចិត្តឪពុកក្មេកបែបនេះថា "ដុកទ័រ តាន់ សុង មនុស្សជាច្រេីនស្គាល់គាត់ជា Doctor Tan នៃទីក្រុងឡងប៊ិច រដ្ធ កាលីហ្វ័រញ៉ា។ គាត់ជាឪពុកក្មេករបស់ខ្ញុំ គាត់ជាមនុស្សចាស់ទុំម្នាក់ដែលស្រលាញ់ បារម្ភពីខ្ញុំដូចជាកូនបង្កេីត គាត់ទទួលយកអ្វីគ្រប់យ៉ាងដែលជាខ្ញុំ និងតែងតែសរសេីររាល់ការងារដែលខ្ញុំធ្វេី។ គាត់តែងតែរំលឹកខ្ញុំ កុំអោយបោះបង់ការសរសេរចំរៀង និងការច្រៀង ព្រោះគាត់មានមោទនៈភាពណាស់នៅពេលដែលលឺគេស្តាប់ និងច្រៀងចំរៀងរបស់ខ្ញុំ។ ខ្ញុំអាចជាកូនប្រសារស្រីដែលមានសំណាងបំផុត ។ ចឹងសំរាប់អ្នកដែលតែងតែគិតថា បង Allen ជាជនជាតិបរទេស រឺ ហៅគាត់ថាប្រុសបារាំង នេះហេីយជាឪពុករបស់គាត់" ៕





