សូមប្រុងប្រយ័ត្ន ពេលនេះជំងឺអុតស្វា Monkey Pox ឆ្លងមកដល់ប្រទេសថៃហើយ ប៉ុន្ដែអ្នកជំងឺរូបនោះបានរត់ចេញពីមន្ទីរពេទ្យកំពុងព្យាបាល
Sophea
-

អភិបាលរងខេត្តភូកេត លោក Pichet Panapong បាននិយាយកាលពីម្សិលមិញថា ការស្វែងរកមួយត្រូវបានចាប់ផ្តើមសម្រាប់បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលមានឈ្មោះថា Osmond Chihazirim Nzerem អាយុ 27 ឆ្នាំ បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍បង្ហាញថាគាត់មានករណីជំងឺអ៊ុតស្វា (Monkey Pox) ដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសថៃ។

លោក Pichet បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងស្ថាប័ន ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បន្ទាប់ពីមានរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃថាជនជាតិនីហ្សេរីយ៉ា Osmond Chihazirim Nzerem បាន "រត់ចេញពី" មន្ទីរពេទ្យដែលគាត់កំពុងព្យាបាល។

ក្រុមមន្ត្រីបានបំភ្លឺថា លោក Nzerem មិនត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ ដោយសារស្ថានភាពរបស់គាត់មិនត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរនោះទេ។ គាត់​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​នៅធ្វើការស្នាក់នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​បន្ទប់​ខុនដូ​របស់​គាត់។

មន្ដ្រីខាងលើក៏​បាន​បញ្ជាក់​ថា លោក Nzerem បាន​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ថ្ងៃ​ទី ១៦ ខែ​កក្កដា មួយ​សប្តាហ៍​បន្ទាប់​ពី​លោក​មាន​គ្រុន​ក្តៅ ក្អក ឈឺ​ក និង​ហៀរ​សំបោរ។ គាត់ក៏មានកន្ទួល និងដំបៅនៅលើប្រ ដា ប់ ភេ ទរបស់គាត់ ដែលរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ និងមុខរបស់គាត់។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបានដឹងថា លោក Nzerem បានទៅលេងកន្លែងកម្សាន្តក្នុងទីក្រុង Patong ហើយបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកទេសចរមួយចំនួន នៅក្នុងនោះបុរសរូបនោះ បានធ្វើការ រួ ម ភេ ទ ដោយមិនបានធ្វើការបង្ការ ឱ្យមានសុវត្ថិភាព ជាច្រើនសប្តាហ៍ មុនពេលគាត់ធ្លាក់ខ្លួនឈឺ។

វេជ្ជបណ្ឌិតបានសង្ស័យថា លោក Nzerem ប្រហែលជាបានឆ្លងមេរោគអ៊ុតស្វា  ដូច្នេះសំណាកវេជ្ជសាស្រ្តពីអ្នកជំងឺត្រូវបានបញ្ជូនសម្រាប់ការផ្ទៀងផ្ទាត់។ ការធ្វើតេស្តមន្ទីរពិសោធន៍ PCR ដោយមជ្ឈមណ្ឌលគ្លីនិកជំងឺឆ្លងនៃកាកបាទក្រហមថៃកាលពីថ្ងៃអង្គារបានរកឃើញថាលោក Nzerem មានជម្ងឺស្វា ដែលត្រូវបានបញ្ជាក់ដោយការធ្វើតេស្តដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) ។

លោកវេជ្ជបណ្ឌិត Kusak Kukiartkul ប្រធានការិយាល័យសុខភាពសាធារណៈភូកេត បាននិយាយថា ក្រោយមកមន្ទីរពេទ្យបានព្យាយាមទាក់ទងទៅលោក Nzerem ដើម្បីប្រាប់គាត់ឱ្យទទួលការព្យាបាលនៅមន្ទីរពេទ្យ Vachira Phuket ដែលគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែគាត់មិនអាចទាក់ទងបានទេ ខណៈដែលគាត់បានបិទទូរស័ព្ទដៃរបស់គាត់។ មន្ត្រី​បាន​ទៅ​ផ្ទះ​របស់​លោក Nzerem ក្នុង​ស្រុក Kathu ដើម្បី​រៀបចំ​ការ​ព្យាបាល ប៉ុន្តែ​លោក​មិន​នៅ​ទីនោះ​ទេ។

លោកវេជ្ជបណ្ឌិត Kusak បាននិយាយថា ថា លោក Nzerem បានមកដល់ប្រទេសថៃកាលពីថ្ងៃទី 21 ខែតុលាឆ្នាំមុន ហើយបានស្នាក់នៅលើសទិដ្ឋាការជិត 4 ខែ។ លោកវេជ្ជបណ្ឌិតនិយាយថា ជំងឺគ្រុនស្វាដែលបានរកឃើញនៅក្នុងខ្លួនលោក Nzerem គឺជាប្រភេទអាហ្រ្វិក A2 ដែលមិនធ្ងន់ធ្ងរ។ មន្ត្រីស៊ើបអង្កេតជំងឺបានស្វែងរកមនុស្ស 154 នាក់ រួមទាំងមនុស្សដែលមានហានិភ័យខ្ពស់ 6 នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Nzerem ។ វេជ្ជបណ្ឌិត Kusak បាននិយាយថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានគេរកឃើញថាឆ្លងនោះទេ។


លោក Pol Col Thanet Sukchai អគ្គនាយកអន្តោប្រវេសន៍ភូកេត បាននិយាយថា លោក Nzerem ត្រូវបានគេជឿថានៅតែស្ថិតនៅក្នុងតំបន់ឆ្នេរ Patong នៃភូកេត។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺ លោក Opas Karnkawinpong បាននិយាយថា ជំងឺអុតស្វាយមិនធ្ងន់ធ្ងរទេ ហើយអាចព្យាបាលបាន។


ប្រភព ៖ បាងកកបុស្ដិ៍