ក្មេងប្រុសម្នាក់អាយុជិត១ខួប ត្រូវបានស្រ្តីម្នាក់ព យកទៅចូលផ្ទះសំណាក់ជួលបន្ទប់សម្រាក ប្រើល្បិចថាទៅក្រៅមួយភ្លែត បែជាទៅបាត់អស់រយៈពេលមួយយប់ មួយថ្ងៃ មិនឃើញវិលទៅយកក្មេងវិញ មានតែម្ចាស់ផ្ទះនាំយកទៅប្តឹង អាជ្ញាធរ សមត្ថកិច្ច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅផ្ទះសំណាក់ស្កាយលាភ ក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីម្ចាស់ផ្ទះសំណាក់ ឈ្មោះ ឡាយ ហុងលាង ភេទស្រី អាយុ៧២ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានស្ត្រីម្នាក់បើករថយន្តមួយគ្រឿង ព ក្មេងប្រុសម្នាក់ខាងលើ ទៅជួលបន្ទប់ដេកសម្រាក លុះមួយសន្ទុះក្រោយមក ស្ត្រីរូបនោះបានចុះមកវិញតែម្នាក់ឯង ហើយប្រាប់កូនប្រុសគាត់ថា កូនគាត់ដេកលក់ហើយ គាត់រវល់ចេញទៅក្រៅរកទិញអីហូបមួយភ្លែត
ហើយក៏បើករថយន្តចេញទៅបាត់ អស់រយៈពេលមួយយប់ទៅហើយមិនឃើញវិលវិញ ក្មេងប្រុសត្រូវបានក្រុមគ្រួសារម្ចាស់ផ្ទះសំណាក់ជួយមើលថែ ចាំបាត់ៗ រហូតដល់វេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅតែមិនឃើញស្ត្រីរូបនោះ មកយកក្មេងទៅវិញ ទើបសម្រេចចិត្ត ព ក្មេង យកទៅរាយការណ៍ ប្តឹង អាជ្ញាធរ សមត្ថកិច្ចចោមចៅ៣ ។
ស្ត្រីម្ចាស់ផ្ទះសំណាក់បានបន្តទៀតថា ក្នុងករណីនៅតែមិនឃើញម្តាយក្មេងប្រុសមកយកកូនទៅវិញ មានតែគាត់ស្នើសុំរ៉ាប់រងទទួលយកក្មេងប្រុសម្នាក់នេះ ចិញ្ចឹមបីបាច់ហើយ ។
ប៉ុន្តែជាក់ស្តែង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅព្រឹកថ្ងៃទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ ស្ត្រីដែលជាម្តាយរបស់ក្មេងប្រុសខាងលើបានចេញមកបញ្ជាក់ដូច្នេះថា ៖ តាមពិតគាត់មានការទំនាក់ទំនងជាមួយកូនប្រុសថៅកែផ្ទះសំណាក់រយៈ ពេល ៣ឆ្នាំហើយ រហូតជ្រុលជ្រួសមានកូនប្រុសម្នាក់ខាងលេី ថែមទាំងមាននៅក្នុងផ្ទៃម្នាក់ទៀត ហេីយបុរសជាប្តីមិនបានផ្តល់ភាពកក់ក្តៅក៏ដូចជាថវិការដេីម្បីចិញ្ចឹមទៀតផង រហូតមកដល់ថ្ងៃទី៩ ខែមករា គាត់ក៏បានយកកូនប្រុសរបស់គាត់មកអោយប្តីដេីម្បីចិញ្ចឹមដោយសារគាត់មិនមានលទ្ធភាព។
តែរឿងដែលហួសចិត្តនោះស្រាប់តែប្តីរបស់គាត់និងម្តាយយកកូនប្រុសមកសាលាសង្កាត់ចោមចៅទី៣ ដោយបំភ្លៃព័ត៌មានថាមានស្ត្រីម្នាក់បេីករថយន្តមកសម្រាក់នៅផ្ទះសំណាក់គាត់ហេីយទុកកូនចោលទៅវិញ។
ពេលនេះស្ត្រីជាម្តាយស្នេីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ យល់ព្រមឲ្យយាយនិងប្តីយកកូនទៅចិញ្ចឹមតែគ្រាន់តែសុំពេលចង់យកកូនទៅលេងផ្ទះម្តងម្កាលបាន៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖