ខេត្តកំពត ៖ លោកអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានប្រកាសឱ្យដឹងថា ដីរបស់រដ្ឋដែលត្រូវបានជនខិលខូចកាន់កាប់ទន្ទ្រានយក ឬរំលោភយកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួននោះ រដ្ឋបាលខេត្តកំពត នឹងធ្វើការដកហូតយកមកវិញទាំងអស់ ដោយគ្មានការយោគយល់ ឬលើកលែងអ្វីឡើយ និងណែនាំឲ្យមន្ត្រីជំនាញតាមផ្នែកនីមួយៗ ត្រូវតែអនុវត្តឲ្យបានឆាប់រហ័ស។ បើសិនជាទើសកន្លែងណា ហើយធ្វើមិនបែកទេនោះ សូមរាយការណ៍មក ឯកឧត្តមនឹងមានចំណាត់ការដោយផ្ទាល់តែម្តង។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាស និងណែនាំទៅកាន់មន្ត្រីមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការបង្ក្រាប និងដកហូតយកដីរបស់រដ្ឋមកប្រគល់ឲ្យរដ្ឋគ្រប់គ្រងវិញ ក្នុងនោះមានដូចជា ៖ ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់, ដីព្រែក, អូរ និងព្រៃលិចទឹកជាដើម។ ចំពោះការចុះអនុវត្ត គ្មានការយោគយល់ ឬលើកលែងចំពោះបុគ្គលណាម្នាក់ណាឡើយ ព្រោះទង្វើទាំងអស់នោះ វាគឺជាគំរូអាក្រក់ក្នុងសង្គម ហើយធ្វើឱ្យខូចប្រយោជន៍សាធារណៈ ក៏ដូចជាប្រយោជន៍របស់ជាតិទាំងមូលផងដែរ។
សូមរលឹកថា ចាប់តាំងពីចូលកាន់តំណែងជាអភិបាលខេត្តកំពតមក ឯកឧត្តម ម៉ៅ ធនិន ក្រៅពីបានដោះស្រាយនូវជម្លោះដីធ្លីក្រៅប្រពន្ធ័តុលាការ សំណើរ និងសំណូមពររាប់ពាន់ករណីជូនប្រជាពលរដ្ឋ ឯកឧត្តមក៏ជាអភិបាលខេត្តដំបូង ដែលបានដកហូតយកដីរបស់រដ្ឋជាច្រើនទីតាំង ដែលត្រូវជនខិលខូចមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធិមកឲ្យរដ្ឋគ្រប់គ្រងវិញដែរ។
ជាក់ស្តែង ដីចំណីព្រែក នៅតំបន់ខាងលិចស្ពានក្បាលរមាស, តំបន់ឆ្នេរខ្សាច់កម្សាន្តកោះស្មៅ តំបន់ឆ្នេរខ្សាច់ងូតទឹកកម្សាន្តចន្លោះស្ពានថ្មី និងស្ពានដែកផ្លូវរថភ្លើង ដីចំណីព្រែកកំពង់បាយត្រើយខាងលិច (កំពុងអនុវត្ត) និងកន្លែងទីតាំងដីរដ្ឋជាច្រើនកន្លែងទៀតផងដែរ៕