ភ្នំពេញ ៖ បន្ទាប់ពីចូលកាន់តំណែងមិនទាន់បានប៉ុន្មានផង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្តេជ្ញាធ្វើកំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការដោយ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព» ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព ។
ឯកឧត្តម បន្តថា ៖ «ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះ ឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម ឆ្ពោះទៅកាន់កំណែទម្រង់មួយ ដែលអាចទទួលបានទាំងអស់គ្នា»។
ទន្ទឹមនឹងនេះ ឯកឧត្តម បានបង្ហាញឆន្ទៈក្នុងការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិឲ្យសម្រេចឆាប់រហ័ស ។ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការគាំទ្រឥតងាករេលើគោលការណ៍នយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ តាមរយៈការប្រឡងជ្រើសរើសមន្ត្រីថ្នាក់ជាតិ។
ឯកឧត្តម បានរៀបរាប់ក្នុងសំណេរនោះថា «ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយស ដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ ខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍ និងគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ ឲ្យសម្រេចបានកាន់តែឆាប់រហ័ស» ។
ការលើកឡើនេះ ធ្វើឡើងក្រោយពេលដែលឯកឧត្តមបានចូលរួម និងបានស្តាប់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ស្ថិតនៅភូមិរំដួល ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយសម្តេចមហាបវរធិបតី បានមានប្រសាសន៍លើកឡើងថា «ដើម្បីធានាឱ្យមានសុគតិភាព ត្រូវរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រឡងយន្តការថ្នាក់កណ្ដាល និងសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់ នេះជាគោលការណ៍របស់រដ្ឋាភិបាលថ្មី»។
សម្តេចមហាបវរធិបតី ក៏បានមានប្រសាសន៍បន្ថែមផងដែរថា «ដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម និងមានតម្លាភាពស្មើភាព គឺផ្ដើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយបង្កើតផ្នត់គំនិតប្រកួតប្រជែងដោយភាពត្រឹមត្រូវ ជាជាងការប្រកួតប្រជែងពីខាងក្រោយ»។
គួរឱ្យកត់សម្គាល់ថា កន្លងមក ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ ត្រូវបានធ្វើឡើងតាមការជ្រើសរើស ដោយក្រសួងស្ថាប័នសាមីនីមួយៗ ដោយទើបតែថ្មីៗនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្ត្រីថ្មី ។
គួររំលឹកផងដែរថា កន្លងមក សម្រាប់កិច្ចការកំណែទម្រង់វិស័យមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់បានលើកឡើងក្នុងជំនួបជាមួយមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈថា ក្រសួងមុខងារសាធារណៈ បានដាក់ទិសដៅការងារសំខាន់ៗចំនួន៣ គឺ ៖
១- អនុវត្តចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
២- ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព ខ្លាំង ស្អាតស្អំ ឆ្លាត ដើម្បីកសាងជំនឿចិត្តពីមហាជនមកលើរាជរដ្ឋាភិបាល (ឆ្ពោះទៅឆ្នាំ២០២៨)
៣- ចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម ស្ថាប័នសាធារណៈ៕