ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ជំរុញឱ្យតម្លៃដឹកជញ្ជូនចុះថោក តាមសំណើអ្នកវិនិយោគ
Sokli
-

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងជំរុញឱ្យតម្លៃដឹកជញ្ជូនក្នុង ប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងកុំឱ្យថ្លៃហួសហេតុ។ ការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្ត្រី បែបនេះគឺឆ្លើយតបទៅនឹងសំណើរបស់អ្នកវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើដំណើរទៅកាន់តំបន់សេដ្ឋកិច្ចពិសេសចំនួន៣នៅក្នុងខេត្តព្រះសីហនុ។ នេះជាបេសកកម្មលើកដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រីជាមួយតួនាទីថ្មី ក្នុងនីតិកាលថ្មីនៃរាជរដ្ឋាភិបាល។

ក្នុងបេសកកម្មនោះ លោកឧបនាយករដ្ឋមន្ត្រី បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ស្តាប់នូវបញ្ហានានាដែលពួកគេកំពុងជួបប្រទះ។ មានបញ្ហាមួយចំនួនត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។ ក្នុងចំណោមបញ្ហាដែលពួកគេលើកឡើងនោះ រួមមានតម្លៃដឹកជញ្ជូនផងដែរ។

ឆ្លើយតបបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយមានរូបលោក ជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នឹងខិតខំជំរុញឱ្យតម្លៃដឹកជញ្ជូន អាចមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង កុំឱ្យថ្លៃហួសហេតុពេក។

លើសពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ទុនបន្ថែមបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីជួយតភ្ជាប់ និងកាត់បន្ថយតម្លៃដឹកជញ្ជូន។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (កំពុងកសាង), ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប (កំពុងសិក្សា), គម្រោងព្រែកជីកហ្វូណន-តេជោ, ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត, ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តបង្ហាញជំនឿចិត្តថា គម្រោងទាំងនេះ គឺជាគម្រោងធ្វើឱ្យតម្លៃដឹកជញ្ជូននៅកម្ពុជាចុះថោក ហើយជួយដល់ការតភ្ជាប់នៃការដឹកជញ្ជូនក្នុងប្រទេសកាន់តែងាយស្រួលផងដែរ៕