រកឃើញមនុស្សស្លាប់កើនដល់៣០នាក់ហើយ បន្ទាប់ពីហេតុការណ៍គ្រោះររញ្ជួយដីនៅជប៉ុន
Sokli
-

ជប៉ុន៖ អាជ្ញាធរ បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិតបានបន្តកើនដល់ ៣០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ នេះ។

ក្រោយពីអគារជាច្រើនបានដួលរលំ បូករួមជាមួយអគ្គិភ័យដែលបង្កឡើងក្រោយគ្រោះរញ្ជួយដី ខេត្ត Ishikawa ដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ បានមើលឃើញ មនុស្សស្លាប់កើនដល់យ៉ាងហោច៣០នាក់។

ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ពីការខូចខាតឬរលំអគារ ព្រមទាំងមនុស្សរងរបួស និងអ្នកជាប់ក្រោមគំនរបាក់បែក នៅតាមខេត្តដទៃទៀតផងដែរ ដូចជា Niigata, Toyama, Fukui និង Gifu។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រាប់ថា រដ្ឋាភិបាលបានចាត់កងកម្លាំងស្វ័យការពារ ទៅកាន់កន្លែងរងការប៉ះពាល់ ហើយនឹងបន្តផ្តល់ជំនួយបន្ថែមទៀត។

សូមរលឹកថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងថ្ងៃចន្ទមក ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕