ក្រោយធ្លាក់ខ្លួនឈឺជំងឺសង្គមជិត២០ ឆ្នាំ អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា បានទទួលមរណភាពហើយ កាលពីអាទិត្យ ១រោច ខែកក្តិកឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ ខណៈដំណឹងនេះ បានធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកសិល្បៈរួមអាជីព ទន្ទឹមនឹងសេចក្តីសោកស្ដាយផងដែរ។
ចំពោះមរណភាពរបស់អតីតតារាចម្រៀងរូបនេះ សមាគមសិល្បករខ្មែរ ក៏បានសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារនៃសពរបស់អ្នកនាង អ៊ុំ គន្ធា ជាពិសេសកូនៗជាទីស្រឡាញ់របស់អ្នកនាង ដែលតែងតែរួមរស់នៅ រួមសុខទុក្ខគ្រប់កាលៈទេសៈជាមួយម្ដាយរហូតមក។
សមាគមសិល្បករខ្មែរ បានចាត់ទុកមរណភាពរបស់អ្នកនាង អ៊ុំ គន្ធា មិនត្រឹមជាការបាត់បង់នូវសាច់ញាតិជាទីស្រលាញ់រាប់អាន និងអ្នកម្ដាយជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនគ្រប់ៗគ្នានោះទេ ក៏ជាការបាត់បង់នូវសិល្បករផ្នែកចម្រៀង ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការបម្រើអារម្មណ៍មហាជនខ្មែរផងដែរ។