កីឡាករគុនខ្មែរដ៏ល្បី ធឿន ធារ៉ា បានសម្រេចមហិច្ឆតារបស់ខ្លួនដណ្ដើមបានខ្សែក្រវាត់កម្រិតពិភពលោក និងផ្ទះវីឡាកូនកាត់មួយខ្នង ក្រោយផ្ដួលដៃគូ៣ប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក៨ប្រទេសឬ8 MEN TOURNAMENT ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅនេះ។
ធឿន ធារ៉ា កំពុងធ្វើឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្រើន តាមរយៈជីវិតតស៊ូ និងសមិទ្ធផល ដែលរូបគេសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ ជាក់ស្ដែងត្រឹមវ័យ ១០ឆ្នាំ ធារ៉ា បានចំណាកស្រុកដើម្បីធ្វើការជួយផ្គត់ផ្គង់គ្រួសារ នៅប្រទេសថៃ មុនកីឡាករមានប្រភពពីខេត្តព្រៃវែងរូបនេះ ត្រឡប់មកហ្វឹកហាត់គុនខ្មែរវិញ នៅវ័យ ១៥ឆ្នាំ រហូតបានចូលរួមជម្រើសជាតិក្រុមជម្រើសជាតិគុនខ្មែរ នៅឆ្នាំ២០១៨ ។
ការរៀបចំប្រដាល់គុនខ្មែរកម្រិតពិភពលោកជាលើកទី២នៅកម្ពុជា (8MEN TOURNAMENT) ដែលមានជើងខ្លាំងមកពី៨ប្រទេស រួមទាំងកម្ពុជាផងដែរ នៅចុងឆ្នាំឆ្នាំ២០២៣ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរ ខណៈកាលនោះ កីឡាករ ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់។