​ខែបុណ្យខែទាន គិតថាជិះឡានក្រុងស្រួល មានឯណាតៃកុងឡានធ្វើសុី ឡើងហួសចិត្ត...
Heang
-

ដកស្រង់ពីម្ចាស់ហ្វេសប៊ុកឈ្មោះ JoEy official - ជូអុី បានសរសេរបង្ហោះដូច្នេះថា ៖ ខែបុណ្យខែទាន ឡានក្រុងធ្វើរឿងហួសហេតុពេកហើយ ហេតុអ្វីបានជាខ្ញុំជ្រើសរើសឡានក្រុងធ្វើដំណើរ? ព្រោះខ្ញុំគិតថាវាសុវត្ថិភាព មានសណ្តាប់ធ្នាប់កន្លែងអ្នកណាអ្នកនោះអង្គុយ អាចនិយាយបានថាសន្តិភាពផ្លូវចិត្តជាងហិតក្លៀកគ្នាក្នុងឡានឈ្នួលមួយចំនួន។ តែឃើញរូបភាពនេះដែរទេ? ឡើងអនាធិបតេយ្យ វាមិនមែនជារឿងលេងសើចទេ ខ្ញុំអង្គុយរកតែពុទ្ធោ គឺមានមនុស្សទាំងជាន់លើនិងជាន់ក្រោម ឥវ៉ាន់ស្រាលធ្ងន់មានទាំងលើនិងក្រោមឡាន ផ្លូវដើរមានមនុស្សលើសពី២០នាក់ ដាក់ហើយដាក់ទៀត។ឡានវេរចង្កូតតែបន្តិចគ្រប់គ្នាក្នុងឡានស្រែកភ្លាត់សំឡេង ។

ហើយកាន់តែងងឹតមុខស្លប់ជាងចាញ់ឆ្នោតទៀតនោះគឺក្រុមហ៊ុនមិនបានបម្រើសេវាកម្មជូនអ្នកដំណើរតាមអ្វីដែលនិយាយគ្នា បើតម្លៃវិញកប់តែខ្ជិលនិយាយអោយតែបានឡានជិះស្រួលបួលក៏អត់ថាអីដែរ។ បើអស់កៅអីថាអស់ទៅ ក្រែងបញ្ជីចំនួនមនុស្សកក់និងទិញមានដែរតើ? នៅឃាត់ភ្ញៀវទុកធ្វើប្រហុកអី ប្រាប់ថាចាំសារ៉េៗឱ្យកុំទាន់ភ័យតែការពិតសារ៉េរបស់គាត់មែន គឺមកអោយពួកគាត់អង្គុយនៅខាងក្រោមដូចដែរឃើញ អត់ភ័យរបស់គាត់មែនតែបះសក់គុណ២។

សួរថាអ្នកដំណើរទាំងអស់មិនខ្លាចគ្រោះថ្នាក់ទេអី ដែលហ៊ានជិះបែបនេះ មិនពិបាក មិនចង្អៀតទេអី ?ច្បាស់ណាស់ ពួកគាត់មិនចង់ទេ តែខាងក្រុមហ៊ុនពន្យារពេលដល់នាទីចុងក្រោយ ថាមានឡានៗ អោយយើងចាំតាំងពីភ្លឺដល់ងងឹត ទាល់ច្រកកណ្តាលយប់មិនដឹងទៅណាមកណា ឡេឡឺដូចស្រលាញ់គេតែឯង បើប្រាប់មួយម៉ាត់គេរកឡានផ្សេងជិះទាន់ពេលហើយ។កាន់តែហួសចិត្តពេលទិញសំបុត្រអ្នកលក់សំបុត្រថា តម្លៃហ្នឹងជិះគ្រែដេកតែពេលជាក់ស្តែងអោយគ្នាកៅអីអង្គុយធម្មតាវិញ ឃើញឯងអត់មាត់ៗប្តូរពីកៅអីអង្គុយ មកជាកៅអីជ័រដែលគេដាក់ថែមកណ្តាល អីយ៉ាស!កាន់តែខ្លាំងដៃ មិនអស់ចិត្តទេនៅប្តូរពីកៅអីជ័រមកអោយអង្គុយផ្ទាល់បាតឡានវិញម្តង (ដាក់បានច្រើនជាងកៅអីជ័រឬ) ហើយលុយថ្លៃសំបុត្រគិតតម្លៃស្មើគេឯងមិនចុះ១០០រៀលឡើយ (ខ្មែរដូចគ្នាចា ក់ ក គ្នាទៅបង) ទាំងដែលពួកគាត់ត្រូវអង្គុយដេកដួលពេញមួយយប់ទល់ភ្លឺ អ្នកមានផ្ទៃពោះ អ្នកកូនខ្ចីអី ចប់និយាយ ។ ពេលសួរទៅគេថា មកពីឡានខូច ទើបសល់អ្នកដំណើរបែបនេះ តែពូនៅជិតខ្ញុំថា ឆ្នាំមុនក៏ថាឡានខូចចឹងដែរ (តើវាចៃដន្យក៏ចេតនាកុហកឱ្យអូនស្ងប់ចិត្ត?) តើនេះជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនមែនទេ? ខ្ញុំពិតជាខកចិត្តខ្លាំងណាស់និងខ្លាចរអាក្នុងការបន្តជិះឡានក្រុងក្រុមហ៊ុនទាំងនោះបន្តទៀត។

ជាចុងក្រោយនាងខ្ញុំតំណាងឱ្យអ្នកធ្វើដំណើរទាំងអស់ សូមសំណូមពរ ដល់ក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ អាចនិយាយថា សូមអង្វរដោយអស់ពីចិត្ត សូមគិតពីសុវត្ថិភាព និងសុខមាលភាពអ្នកដំណើរ ជាជាង«លុយ»។និងសូមអធ្យាស្រ័យដល់ក្រសួងឬស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យទៅលើចំណុចនេះឡើងវិញដោយក្តីអនុគ្រោះ។