សមាជិកជម្រើសជាតិកម្ពុជា និងជាអតីតកីឡាករបឹងកេត ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបរបស់ម៉ាឡេស៊ី Pahang FA បញ្ឈប់ហើយ បន្ទាប់ពីបង្ហាញខ្លួនជាច្រើនប្រកួតកន្លងមកធ្វើឲ្យគ្រូបង្វឹកមិនពេញចិត្ត។ កាលពីយប់មិញ Pahang ពិតជាបានផ្តាច់កុងត្រាកីឡាករកម្ពុជាមែន។ លោក Dollah Salleh គ្រូបង្វឹក Pahang បានប្រាប់សារព័ត៌មាន Fox Sport Asia ថា លោកបានសម្រេចយកកីឡាករ Nakajima-Farran ដើម្បីជំនួស ចាន់ វឌ្ឍនាកាសម្រាប់តំបន់ជួរមុខ។ គ្រូបង្វឹកចង់បានលទ្ធផលឲ្យល្អប្រសើរជាងនេះពីកីឡាករ វឌ្ឍនាកា ប៉ុន្តែការរកគ្រាប់បាល់មិនបានអាចជាកត្តាចម្បងដែលលោកមិនពេញចិត្ត។ រហូតដល់ពេលនេះនៅមិនទាន់ដឹងថា កីឡាករកម្ពុជារូបនេះនឹងត្រឡប់មកប្រទេសកម្ពុជាវិញ ឬស្វែងរកក្លឹបនៅក្រៅប្រទេសបន្តអាជីពឡើយ។ ដោយឡែកបន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះ លោក LEONARDO VITORINO ដែលជាអតីតអ្នកចាត់ការទូទៅ របស់ក្រុមបាល់ទាត់កម្ពុជាបាន បង្ហោះរូបមួយសន្លឹក អមដោយឃ្លាថា "Never give up of something you really want. its difficult to wait but its more difficult to regreat ! Be Strong and Go Ahead Chan Vathanaka !" ដែលមានន័យថា "កុំបោះបង់អ្វីដែលអ្នកពិតជាចង់បាន។ វាពិបាកក្នុងការរង់ចាំប៉ុន្តែពិបាកក្នុងការស្តារឡើងវិញ! ចូររឹងមាំហើយទៅមុខចាន់វឌ្ឍនាកា! " គួរបញ្ចាក់ឲ្យដឹងផងដែរថា ចាន់ វឌ្ឍនាកា បានបង្ហាញស្ទើរគ្រប់ការប្រកួតនាដើមរដូវកាលលីគកំពូលម៉ាឡេស៊ីដែលបានដំណើរ៩សប្តាហ៍កន្លងទៅនេះ។ ការប្រកួត៩សប្តាហ៍កន្លងទៅ Pahang FA ក៏ធ្វើបានល្អដែរគឺឈ្នះ៥ ស្មើ៣ និងចាញ់១ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣៕
ប្រភព៖ srolanhnak