ក្រោយពីផ្ទុះរឿងស្រ្តីម្នាក់ឆ្លងទន្លេរ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង រួចមក ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Then Choeng បានរៀបរាប់ថា "សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានអោយបានជ្រាបថាយើងខ្ញុំទាំងអស់គ្នាជាក្រុមគ្រូពេទ្យដែលបំរើការងារខាងផ្នែកសេវាសុខភាពជូនប្រជាជននៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍សុំធ្វើការឆ្លើយតបនូវអ្វីដែលខាងអ្នកសារពត៌មានបានចុះផ្សាយមានដូចខាងក្រោមៈ 1.ខាងសារពត៌មានបានធ្វើការចុះផ្សាយដោយលើកឡើងថាបុគ្គលិកឆ្មបយើងខ្ញុំធ្វើការទារ នឹង គំរាម យកប្រាក់ចំនួន10មុឺនរៀលពីអ្នកជំងឺទើបមានការបញ្ជូនតាមសេវារថយន្ត ។យើងខ្ញុំសូមធ្វើការបកស្រាយថារឿងហេតុអ្នកជំងឺបានមកមន្ទីរដើម្បីទទួលសេវាសំរាលកូន បន្ទាប់មកខាងគ្រូពេទ្យឆ្មបបានធ្វើការពិនិត្យជូនគាត់ក្រោយការពិនិត្យរួចរាល់បានបង្ហាញអោយឃើញថា ស្រ្តីមានផ្ទៃពោះលើសថ្ងៃ មិនមានការឈឺពោះសំរាល ស្រ្តីមិនមានទឹកភ្លោះ មាត់ស្បូនមិនទាន់បើក នឹងសញ្ញាជីវិតធម្មតាទាំងអស់ រីឯទារកមានសុខភាពល្អធម្មតា បន្ទាប់មកខាងគ្រូពេទ្យឆ្មបបានធ្វើការពន្យល់ណែនាំអោយស្រ្តីខាងលើអំពីសេវាហិរញ្ញប្បទានគឺរួមមានសេវាមន្ទីរពេទ្យចំនួន20000រៀលនឹងសេវារថយន្តសង្រ្គោះចំនួន80000រៀលក្រោយបានរៀបរាប់ប្រាប់អំពីសេវាស្រ្តីខាងលើពុំមានការឆ្លើយតបអ្វីឡើយពោលគឺស្រ្តីនឹងគ្រួសារធ្វើការចាកចេញពីមន្ទីរពេទ្យដោយមិនបានប្រាប់ខាងគ្រូពេទ្យឆ្មបយើងទេ។ 2.ក្រោយពីស្រ្តីបានចាកចេញពីមន្ទីរពេទ្យ ស្របពេលនោះ អ្នកសារពត៌មានបានធ្វើការជិះទៅតាមនឹងស្កាត់ហៅស្រ្តីខាងលើដើម្បីធ្វើការសាកសួរនាំ នឹងបន្ទាប់ពីសួរនាំស្រ្តីរួចរាល់ពោលគឺអ្នកសារពត៏មានពុំបានត្រឡប់មកសាកសួរខាងអង្គភាពយើងខ្ញុំឡើង គឺធ្វើការបង្ហោះតាមប្រពន្ធ័ផ្សព្វផ្សាយfbជាសាធារណះតែម្ដង។ 3.សូមជំរាបជូនប្រជាពលរដ្ឋ នឹង អង្គភាពដែលពាក់ពន្ធ័ រួមទាំងលោកអ្នកសារពត៌មានអោយបានជ្រាបថា រៀងរាល់មួយខែៗ ខាងមន្ទីរពេទ្យយើងខ្ញុំសឹងតែមានការលើកលែងចំពោះប្រជាជនដែលពុំមានលទ្ធភាពបង់សេវាមន្ទីរពេទ្យទាំងស្រុង សរុបជាង80% ដោយមិនបានគិតលើប្រជាជនដែលមានបណ្ណ័ក្រីក្រ មូលនិធិសមធម៍ បណ្ណ័ បសស ផ្សេងៗ។ 4.យើងខ្ញុំជាក្រុមគ្រូពេទ្យ មានបន្ទុកពិនិត្យនឹងថែរទាំសុខភាពជូនប្រជាពលរដ្ឋតាមក្រមសីលធម៌ នឹង វិជ្ជាជីវះ តាមបែបវេជ្ជសាស្រ្ត ដូច្នេះ ខាងអ្នកសារពត៌មានក៏ដូចគ្នា មុននឹងធ្វើការចេញជាពត៌មានសូមធ្វើការសាកសួរនាំ ទៅតាមក្រមសីលធម៌ នឹងវិជ្ជាជីវះ ជាអ្នកសារពត៌មានអោយបានត្រឹមត្រូវផងទៅចុះ៕អរគុណ"។
គួរបញ្ជាក់ផងដែរថា មានស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេហើយត្រូវបានប្ដីដឹកទៅកាន់មណ្ឌលសុខភាពស្រុកបរិបូណ៌ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យប្រាប់ថា កូនក្នុងផ្ទៃកើតមកដោយលំបាកត្រូវតែបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យបង្ខំទារប្រាក់ចំនួន១០ម៉ឺនរៀលទើបឱ្យរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ដឹកទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ហើយបើគ្មានប្រាក់ប៉ុណ្ណឹងទេរកម៉ូតូ ឬម៉ូតូកង់បី(តុតុ) ជិះទៅ ។ ហេតុការណ៍មិនប្រក្រតីនេះបានកើតនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ។ បុរសឈ្មោះ ម៉ក់ រាក់ អាយុ២៦ឆ្នាំ ជាប្តីស្ត្រីឈឺពោះឆ្លងទន្លេបាននិយាយឱ្យដឹងថា គាត់មានទីលំនៅភូមិកោះមនោ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប្រពន្ឋគាត់ឈ្មោះ ហឹម គិមឈី អាយុ២២ឆ្នាំ បានឈឺពោះឆ្លងទន្លេ ហើយគាត់បានដឹកទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ។ ប៉ុន្តែពេលមកដល់គ្រូពេទ្យប្រាប់ថា កូនក្នុងផ្ទៃកើតមកខុសប្រក្រតី ត្រូវទៅកើតនៅមន្ទីរពេទ្យបង្អែកខេត្ត តែត្រូវបង់សេវា១០ម៉ឺនរៀលទើបឱ្យរថយន្តដឹកទៅ បើគ្មានទេដឹកតាមម៉ូតូ ឬតុតុទៅ ។ ដោយគ្មានជម្រើគាត់បានជួលម៉ូតូកង់បី(តុតុ)ក្នុងតម្លៃ៤ម៉ឺនរៀល ហើយក៏ដឹកទៅមន្ទីរពេទ្យ ប៉ុន្តែពេលដឹកមកដល់ចំណុចស្ពានអង្កាមដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ស្រាប់តែឃើញរថយន្តរបស់មន្ទីរពេទ្យស្រុកបរិបូណ៌មកតាមក្រោយរួចក៏បានដឹកប្រពន្ធខ្ញុំ ទៅមន្ទីរពេទ្យខេត្តដើម្បីសម្រាលកូន ។ ដោយ៖ និស្ស័យ