សុខភាព៖ ជំងឺមហារីកកូនកណ្តុរគឺជាមហារីកប្រព័ន្ធទឹករងៃដែលប្រព័ន្ធនេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកាកាចសាហាវ មួយចំនួន ។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើបំណែកកោសិកាខុសប្រក្រតី (Abnormal mitosis) និងលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយើងតទៅទៀតហើយ ។ កោសិកាមិនប្រក្រតីទាំងនេះនឹងបង្កើតបានជាមហាកោសិកាជាច្រើនលើសលប់នៅក្នុងកូនកណ្តុរនៃប្រព័ន្ធទឹករងៃ ។ ជំងឺមហារីកកូនកណ្តុរក៏អាចកើតមាននៅទីកន្លែងផ្សេងទៀត ក្រៅពីកូនកណ្តុរ ដូចជា ស្បែក, ខួរក្បាល, ក្រពះ ពោះវៀន… ហើយថែមទាំងអាចរីករាលដាលទៅសរីរាង្គដទៃទៀតផងដែរ ។ ក-ជំងឺមហារីកកូនកណ្តុរមានពីរប្រភេទសំខាន់ៗគឺ ៖ ១-មហារីកកូនកណ្តុរប្រភេទ Hodgkin កើតលើមនុស្សគ្រប់វ័យ ភាគច្រើនលើបុរសវ័យចំណាស់អាយុជាង៥០ឆ្នាំ និងបុរសកើតជំងឺនេះច្រើនជាងស្ត្រី ។ ២-មហារីកកូនកណ្តុរ ប្រភេទ Non Hodgkin មានប្រមាណ៣០ប្រភេទផ្សេងគ្នា និង ច្រើនកើតលើមនុស្សពេញវ័យ បុរសកើតជំងឺនេះច្រើនជាងស្ត្រី និងលើមនុស្សវ័យចំណាស់ អាយុចន្លោះពី៤០ទៅ៧០ឆ្នាំ ។ លើមនុស្សវ័យចំណាស់ មហារីកកូនកណ្តុរ Non Hodgkin មានការវិវឌ្ឍយឺតៗ បុន្តែវា មានការវិវត្តលឿន និងកាចខ្លាំងលើមនុស្សពេញវ័យនិងកុមារតូចៗ ។ ខ-រោគសញ្ញានៃជំងឺ ៖ រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរមានដូចជា ការហើមកូនកណ្តុរនៅត្រង់ក នៅក្រោមក្លៀក ឬនៅក្រលៀន ឬដំបៅ ស្នាមក្រហមចម្លែកៗលើស្បែក។ល។ រោគសញ្ញាផ្សេងទៀតរួមផ្សំមាន ក្តៅខ្លួន បែកញើសពេលយប់ អស់កម្លាំងខ្លាំង ស្រកទម្ងន់ដោយមិនមានមូលហេតុ ។ គ-ការធ្វើរោគវិនិច្ឆ័យ ៖ គេអាចដឹងបានថាមានជំងឺមហារីកកូនកណ្តុរដោយការវះយកកូនកណ្តុរ១ ឬផ្នែកណាមួយនៃស្បែក ដែលសង្សយ័ថាមានកើតជំងឺនេះយកទៅវិភាគនៅមន្ទីរពិសោធន៍រកមេរោគមហារីក។ ការវិភាគរកមើលស៊ែន ដោយបច្ចេកវិទ្យាថ្មី អាចឱ្យយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់ ។ ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry (ដើម្បីតម្រៀប និងកំណត់ប្រភេទផ្សេងគ្នានៃកោសិកានៅក្នុងឈាមរួមទាំងកោសិកាមហារីកកូនកណ្តុរ) ។ ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីកកូនកណ្តុរ ។ ការថត CT ស្កេន ឬថត MRI នៅទ្រូងនិងពោះឬការថតដោយប្រព័ន្ធបំភាយ positron ពិសេសហៅថា PET Scan ទាំងនេះគឺដើម្បីកំណត់ដំណាក់កាលនៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤) ។ ឃ-វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកកូនកណ្តុររួមមាន ៖ ការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីកកូនកណ្តុរ Hodgkin ដំណាក់កាលដំបូង។ ការព្យាបាលដោយឱសថទំនើបៗរួមបញ្ចូលគ្នាដើម្បីសម្លាប់កោសិកាមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ។ Stem cell transplant ព្យាបាលដោយប្តូរខួរឆ្អឹងក្រហម ឬដោយប្តូរកោសិកាពូជថ្មីៗ (Stem cell) សម្រាប់ករណីមហារីកកូនកណ្តុរដែលវិវត្តន៍លឿន និងស្ថិតក្នុងដំណាក់កាលធ្ងន់ខ្លាំង ។ ព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងឱ្យសម្លាប់កោសិកាមហារីកដោយខ្លួនឯង (Immunotherapy taps the body’s immune system to kill cancer cells or limit their growth) ។ ការព្យាបាលដោយប្រើអង្គបដិបក្ខពិសេសៗបែបជីវសាស្ត្រទំនើប ដើម្បីសម្លាប់កោសិកាមហារីកកូនកណ្តុរយ៉ាងជាក់លាក់ (Monoclonal antibodies are very specific proteins that attack certain cells) និងមិនប៉ះពាល់ដល់កោសិកាធម្មតាទេ ។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធភាពខ្ពស់ និងកំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន ។ ង-ការព្យាករ ៖ លទ្ធផលនៃការព្យាបាលជំងឺមហារីកកូនកណ្តុរអាស្រ័យលើកត្តាជាច្រើនដូចជាប្រភេទមហារីកកូនកណ្តុរ (type of lymphoma: Hodgkin or Non Hodgkin lymphoma, Low or High grade Lymphoma…etc)។ ប្រភេទវិវត្តន៍យឺតៗជាសះស្បើយបានច្រើនជាងប្រភេទកាចៗ ដែលវិវត្តន៍លឿន ។ ដំណាក់កាលរបស់ជំងឺមហារីក (cancer’s stage) ។ ដំណាក់កាលដំបូងៗជាសះស្បើយបានច្រើនជាង ដំណាក់កាលធ្ងន់ធ្ងរ ទី៣ឬទី៤ ។ អាយុរបស់អ្នកជំងឺនិងសុខភាពទូទៅ (patient’s age and general health) ។ ចាស់ជរាមានជំងឺប្រចាំកាយដទៃទៀតច្រើនប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ ។ តើមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗ ឆ្លើយតបទៅនឹងការព្យាបាលដំបូង ឬបានលាប់ឡើងវិញដែរឬទេ? (whether the cancer is newly diagnosed, responds to initial treatment, or has come back) ។ ការលាប់មកវិញនៃជំងឺនេះ មានហានិភ័យគ្រោះថ្នាក់ដល់ជីវិតខ្ពស់បំផុត។ «សូមមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់យើងនៅមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើលោកអ្នកសម្គាល់ឃើញមានហើមកូនកណ្តុរមួយឬច្រើនហើយដែលនៅតែបន្តកើនទំហំនិងចំនួន ឬលោកអ្នកមានរោគសញ្ញាផ្សេងទៀតនៃមហារីកកូនកណ្តុរដូចជាគ្រុនក្តៅរ៉ាំរ៉ៃ ការស្រកទម្ងន់ និងការបែកញើសពេលយប់ច្រើនខុសធម្មតា»៕