រាជធានីភ្នំពេញ ៖ លោក កែវ វី ក៏បានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែសីហារនេះ ខេត្តចំនួន៤បានរងគ្រោះទឹកជំនន់មានខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម បានធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៩១៤៥គ្រួសារ ហើយប្រជាពលរដ្ឋចំនួន៣៤៧៦គ្រួសារ ត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាពចំនួន២៣កន្លែង ។ ហើយផ្ទះចំនួន១២ខ្នង ត្រូវបានរុះរើដោយសារបាក់ច្រាំងទន្លេ ,ជម្លៀសសត្វគោ ក្របី ពពែ ចំនួន៩៦៣២ក្បាល , លិចសាលារៀន១៣៦កន្លែង , លិចវត្ត៥៤កន្លែង ក្នុងនោះមានវិហារចាម៧កន្លែង និងមណ្ឌលសុខភាព៩កន្លែង ។ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤របស់កម្ពុជារួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដោយសារទឹកជំនន់ទន្លេមេគង្គលើបណ្តាលឲ្យពលរដ្ឋជិតបីម៉ឺនគ្រួសាររងការប៉ះពាល់ បណ្តាលឲ្យស្លាប់៤នាក់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ ។ តែអ្វីដែលគួឲ្យសោកស្តាយនោះមនុស្ស៤នាក់បានស្លាប់ដោយសារលង់ទឹកក្នុងនោះមានកូនក្មេងបីនាក់ និងមនុស្សចាស់ម្នាក់ ហើយអ្នកស្លាប់ទាំងនេះកើតឡើងនៅខេត្តស្ទឹងត្រែង២នាក់,ខេត្តក្រចេះ១នាក់ និងខេត្តកំពង់ចាម១នាក់ ។ គួបញ្ជាក់ផងដែរថា ពាក់ព័ន្ធបញ្ហាទឹកជំនន់នេះនៅថ្ងៃល្ងាចទី០២ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលគ្រោះទឹកជំនន់ក្នុងខេត្តក្រចេះ ហើយលោកបានបញ្ជាក់ថា បញ្ហាទឹកជំនន់នេះយើងបានប្រើប្រាស់នូវវិធានការណ៍សរុបមធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា ។ ដោយឡែកប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងខេត្តក្រចេះទាំងមូលជាង៣ពាន់គ្រួសារ រួមទាំងគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យឲ្យទៅប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីថែទាំសុខភាពជូនប្រជាពលរដ្ឋផងដែរ ។ ក្នុងឱកាសនេះក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានប្រកាសផ្តល់ជូននូវអង្ករ៣០តោន សម្រាប់ចែកជូនពលរដ្ឋរងគ្រោះក្នុងខេត្តក្រចេះផងដែរ ៕
ប្រភព៖ kohsantepheapdaily