លោកមេប៉ុស្ដិ៍បឹងព្រលឹត បាត់ស្លាកលេខរាប់ខែមកហើយ ដោយសារតែចោរលួយគាស់ស្លាកលេខទៅបាត់ ស្រាប់តែពេលថ្មីៗក៏ឃើញ ស្លាកលេខរបស់លោកនៅលើរថយន្ត ម៉ាកAudi Q7 ទៅវិញ...
-

ភ្នំពេញ៖ ស្លាកលេខរថយន្តរបស់លោកមេប៉ុស្ដិ៍បឹងព្រលឹត ដែលបានបាត់រាប់ខែនោះ ស្រាប់តែមកឃើញលើរថយន្តសេរីទំនើប Audi Q7 ពណ៍ស ទៅវិញ ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាយប៉ុស្តិ៍នគរបាលបឹងព្រលឹត បានឲ្យដឹងថា កាលប៉ុន្មានខែមុននេះ រថយន្តរបស់គាត់បានបាត់ស្លាកលេខ (ភ្នំពេញ 2AS-3231) ដោយមានជនសង្ស័យលួយគាស់យកទៅបាត់ទាំងមុខទាំងក្រោយ ខណៈគាត់បើករថយន្តយកទៅលាងក្នុងការ៉ាស់ជិតសាលាសង្កាត់បឹងព្រលឹត។ បន្ទាប់មក គាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ហើយបានបង្ហោះតាមហ្វេសប៊ុកឲ្យប្រជាពលរដ្ឋជួយស៊ើបផងដែរ។ ប្រភពដដែលបានបន្តទៀតថា លុះដល់យប់ថ្ងៃកើតហេតុ គាត់បានជូនក្មួយឡើងយន្តហោះទៅប្រទេសបារាំង តែខណៈពេលកំពុងដើរក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែឃើញរថយន្តទំនើបម៉ាក Audi Q7 ពាក់ស្លាកលេខរថយន្តរបស់គាត់ ដែលបាត់នោះ។ ភ្លាមៗ គាត់បានប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យ ហើយលោកអធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ នៅសល់តែអ្នករួមដំណើរ២នាក់ ប៉ុន្តែពួកគាត់មិនព្រមសហការជាមួយលោកទេ។ បច្ចុប្បន្នលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានហៅកម្លាំងនគរបាលឲ្យយករថយន្តទំនើបម៉ាក Audi-Q7 នោះ ព្រមទាំងអ្នករួមដំណើរទាំង២នាក់ ទៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ដើម្បីរកដំណោះស្រាយ។

ដោយ៖ និស្ស