ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅមុខអគារស៊ីធីឡៃ ផ្លូវលេខR11 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សិស្សវិទ្យាល័យវត្តភ្នំម្នាក់ ក្នុងចំណោមបក្ខពួក3នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូប ស្ពាយពីនារីម្នាក់បានសម្រេច។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះ ឈ្មោះ លីវ មុងខា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី៩សេ១ រៀននៅវិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូបិតគូទ)។ ចំណែកបក្ខពួក៣នាក់ទៀត ដែលរត់គេចខ្លួន ទី១.ឈ្មោះ អាសាន់ ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកជិះពីក្រោយជនសង្ស័យខាងលើ ឈ្មោះ លីវ មុងខា)។ ២.ឈ្មោះ អាជា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកឆក់កាបូប។ ៣.ឈ្មោះ អាជី ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ដឿន លីដា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦គ ផ្លូវម៉ៃដា ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯសម្ភារៈបាត់បង់កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងនោះមានប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារ) ខ្សែកផ្លាកទីនទម្ងន់៥ជី ជញ្ចៀន២វង់ ផ្លាកទីនទម្ងន់៣ជី ប័ណ្ណសម្គាល់រថយន្ត២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក និងទូរស័ព្ទដៃម៉ាកណូគាមួយគ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-6839 (ជារបស់ជនសង្ស័យឈ្មោះ លីវ មុងខា ជិះបិតគូទ)។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕
ដោយ៖ និស្ស