រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបរិវេណផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈាមជ្រូកចំនួន៤៣,៥គីឡូក្រាមត្រូវបានកម្លាំងមន្ត្រីកាំកុងត្រូលកំពង់ផែរអន្តរជាតិភ្នំពេញសហការជាមួយគណៈកម្មាការផ្សារច្បារអំពៅធ្វើការដកហូតពីអាជីវករលក់ដូរ២នាក់ រួចយកទៅដុតកម្ទេចចោលភ្លាមៗ ក្រោយមន្ត្រីជំនាញពិនិត្យឃើញថា ឈាមជ្រូកទាំងនោះមានលាយលំជាមួយសារធាតុគីមីហាមឃាត់ ។ មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ក្រោយការដើរពិនិត្យមួយប្រាវធំ ក៏សង្កេតឃើញមានទីតាំងលក់ឈាមជ្រូក២កន្លែង ដោយសង្ស័យលើឈាមជ្រូក មន្រ្តីជំនាញក៏ធ្វើការពិនិត្យ ដោយប្រាកដថា ឈាមជ្រូក៤៣,៥គីឡូក្រាមនៃទីតាំងទាំង២ ពិតជាមានលាយលំជាមួយសារធាតុគីមីខុសច្បាប់ប្រាកដមែន ដូច្នេះហើយមន្ត្រីជំនាញសម្រេចធ្វើការដកហូតឈាមជ្រូកទាំងអស់ធ្វើការដុតចោលនៅហ្នឹងកន្លែងភ្លាមៗនិងបានធ្វើកិច្ចសន្យាឲ្យម្ចាស់អាជីវកម្មបញ្ឈប់ការលក់ដូរឈាមជ្រូកដែលមានលាយលំសារធាតុគីមីខាងលើនេះបន្តទៀត បើពុំដូច្នោះនឹងត្រូវបន្តវិធានការផ្លូវច្បាប់ ។ មន្ត្រីជំនាញកាំកុងត្រូលអំពាវនាវដល់ក្រុមអាជីវករលក់ដូរទាំងអស់ សូមបងប្អូនលក់ដូរតែទំនិញណា ដែលមានគុណភាពល្អ សម្រាប់បងប្អូនពលរដ្ឋទិញយកទៅបរិភោគ ជៀសវៀងការលក់ដូរទំនិញដែលមានលាយលំសារធាតុហាមឃាត់ ខុសផ្ទុយនឹងច្បាប់ ព្រោះអាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ខូចសុខភាព។
ដោយ៖ និស្ស