ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងតែបន្ដការគំរាមកំហែងកាន់តែខ្លាំងនៅថ្ងៃទី២២ ខែសីហានេះ
ណារ៉ា
-

ភ្នំពេញ ៖ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងតែបន្ដការគំរាមកំហែងកាន់តែខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើតាមការឲ្យដឹងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងខាងលើនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បាននិយាយនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ថា «ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល​។ ក្នុងឱកាសចុះពិនិត្យការងារ​នាវេលាយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០១៨​ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីប្រចាំការទាំងអស់ ត្រូវតែធ្វើការពេញមួយយប់ទល់ភ្លឺ ដោយបណ្តាក់គ្នាធ្វើការចល័ត ដើម្បីតាមដានក្រែងលោ មានការហូរច្រោះ ឬបាក់ទំនប់ចូលទៅក្នុងភូមិសាស្ត្រដ៏ទៃទៀតក្នុងខណ្ឌដង្កោ ។
លោក ចាន់ យុត្ថា ក៏ធ្លាប់ឲ្យដឹងដែរថា ចំពោះស្ថានភាពជំនន់ទឹកនេះ ក្រុមបច្ចេកទេសជំនាញរបស់ក្រសួង អាចគ្រប់គ្រងបានទាំងស្រុង មិនមានអ្វីជាបញ្ហាចោទនោះទេ បន្ទាប់ពីតួទំនប់សណ្ដរស្ទឹងព្រែកត្នោតទាំង៣កន្លែង បានជួសជុលរួចរាល់ ៕