ភ័យពេក...អ្នកធ្វើដំណើរចំនួន១៧នាក់ រងរបួសធ្ងន់ស្រាល ខណៈពេលដែលឃើញសត្វពស់មួយក្បាល វាលកាត់ថ្នល់ នាំគ្នាស្រែកឆោឡោពេញឡាន បណ្តាលឲ្យតៃកុងភ័យស្លន់ស្លោរ ជាន់ហ្វ្រាំងមួយទំហឹងស្រាប់តែ...
-

ខេត្ដប៉ៃលិន៖ កាលពីវេលាម៉ោង​ ០១និង៣០នាទីរសៀស ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨​ មនុស្សប្រុសស្រីក្មេងចាស់បានរងរបួសធ្ងន់ និងស្រាលចំនួន១៧នាក់ ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ខណៈពេលអ្នកជិះរថយន្តបានឃើញពស់មួយក្បាលវៀរឆ្លងថ្នល់ នាំគ្នាស្រែកឆោឡោ ផ្អើលតៃកុងជាន់​ហ្វ្រាំងបង្ខំ បណ្តាលឲ្យក្រឡាប់តែម្តង។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាក SINEA ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG-2769 បើកបរ ដោយឈ្មោះ សុ ផៃ ភេទប្រុស​ អាយុ​២៥ ស្នាក់នៅភូមិផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


សមត្ថកិច្ចបានប្រាប់ទៀតថា នៅមុនពេលកើតហេតុ ស្រាប់តែមានអ្នករួមដំណើរនៅក្នុងរថយន្តម្នាក់ ដែលអង្គុយកៅអីខាង មុខ បានឃើញសត្វពស់មួយក្បាល លូនកាត់ផ្លូវ ក៏ស្រែកធ្វើឲ្យតៃកុងរថយន្តភ័យ ក៏ជាន់ហ្វ្រាំងរថយន្តបណ្ដាលឲ្យរថយន្តរេចង្កូតទៅបុកម៉ូតូ ដែលគេទុកបញ្ឈរចោល រួចរថយន្តបានក្រឡាប់ផ្ងារជើងទ្រមេឃ ធ្វើឲ្យមនុស្សប្រុស ស្រីក្មេង ចាស់ រងរបួសធ្ងន់ និងស្រាល ។


បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តបាត់ដំបងដើម្បីព្យាបាល ៕



ដោយ៖ ភារ៉ា