នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចល្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោកណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។
លោក ណៃ សេម ណារ័ត្ន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថាការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។លោកបានឲ្យដឹងថា នេះជាលើកទី៤៥ហើយដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣តទៅ ដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេសឆ្លងកាត់ប្រទេសជប៉ុន ប្រ៊ុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។
ក្នុងដំណើរទស្សនកិច្ចនេះតំណាងឱ្យប្រតិភូទាំងមូល លោក ណៃ សេម ណារ័ត្ន បានគោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី មុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិកម្ពុជាយើងដែលចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញដោយសម្ដេចពញ្ញាយ៉ាតមករហូតមកដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញហើយនៅពេលនោះឯង ដែលរាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្រ្តត្រីកោណដោយមុំទី១ធ្វើសន្តិភាវូបនីយកម្ម និងមុំទី២ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ និងមុំទី៣ឈរលើកត្តាអនុគ្រោះទាំងក្នុងនិងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
បន្ទាប់មកសម្ដេច ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូលជាសមាជិកអាស៊ាន នោះគឺផ្អែកលើកត្តា ៤កត្តាទី ១គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កត្តាទី ២គឺស្មារតីសហគមន៍ នោះគឺអ្វីៗសម្រេចដោយកុងសង់ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោត ឬមិនមែនសម្រេចដោយការដាក់ទណ្ឌកម្មនោះទេ ទី៣ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កត្តានេះ នៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ានហើយ អាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ រីឯកត្តាទី ៤គឺជាច្រកចេញការទូតរបស់កម្ពុជាយើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់ប្រតិភូទាំងមូលសូមឲ្យក្នុងការធ្វើដំណើរនេះប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតពិតព្រោះប្រតិភូទាំងមូលជាតំណាងអោយប្រជាជនខ្មែរប្រមាណ ១៦លាននាក់ដែលនៅពីក្រោយហើយធ្វើយ៉ាងណា កសាងមិត្តឲ្យបានច្រើនដើម្បីថ្ងៃអនាគតទៅអាចក្លាយទៅជាដៃគូរសហប្រតិបត្តិការផងដែរ។ សម្ដេចក៏បានជូនពរដល់ចៅៗដែលជាយុវជន នឹងរួមដំណើរក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុននេះឲ្យបានទទួលសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister