សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ដល់មាតុប្រទេសដោយសុវត្ថិភាព
-

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ម៉ោង៦:១៥នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជា​ដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងដំណើរបំពេញទស្សកិច្ចការងារ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗប្រកបដោយភាពជោគជ័យ នៅប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួនដូចជា អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២» នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ និងអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគី និងចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពី ២២-២៤តុលា ឆ្នាំ២០១៨។


តាមរយៈការអញ្ជើញបំពេញទស្សនកិច្ចការងារ ក៏ដូចជាការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនៅប្រទេសក្នុងសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនភាពសំរាប់ប្រជាជន និងប្រទេសកម្ពុជា ដែលបានផ្ដល់នូវឧត្តមប្រយោជន៍យ៉ាងច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុបក៏ដូចជាប្រទេសនៅក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍ជាច្រើនក្នុងការ

បង្ហាញទៅដល់ថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើនបានដឹងអំពីសក្តានុពលរបស់ប្រទេសកម្ពុជាដើម្បីទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា និងដើម្បីឲ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខបន្តទៀត៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister