បងប្អូនទាំងអស់គ្នា មុននិងទិញហូបពិនិត្យមើល ថ្ងៃខែឆ្នាំផង.... រកឃើញទីតាំងផលិតតៅហ៊ូ គ្មានកាលបរិច្ឆេទប្រើប្រាស់
-

រាជធានីភ្នំពេញ៖ បន្ទាប់ពីបានរកឃើញ និងដកហូតតៅហ៊ូ គ្មានកាលបរិច្ឆេទប្រើប្រាស់ពីតាមបណ្តាផ្សារនានា ពិសេសនៅរាជធានីភ្នំពេញមន្រ្តីកាំកុងត្រូលបានស្រាវជ្រាវរកទីតាំងផលិត ដើម្បីធ្វើការត្រួតពិនិត្យបន្តទៀត។ ជាក់ស្តែង នៅថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការចូលរួមសហការពី មន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោក បានធ្វើការចុះត្រួតពិនិត្យសិប្បកម្មតៅហ៊ូ មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៣២ ផ្លូវ៥២៨ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបាន ៖

- ត្រួតពិនិត្យអំពីអនាម័យទីតាំងផលិត

- ធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់

- ត្រួតពិនិត្យអំពីភាពអនុលោម លើសំបកវេចខ្ចប់

* ការត្រួតពិនិត្យទទួលបានលទ្ធផលដូចខាងក្រោម ៖

- លទ្ធផលនៃការធ្វើតេស្តបឋម រកពុំឃើញមានសារធាតុគីមីហាមឃាត់ទេ

- នៅលើសំបកវេចខ្ចប់ ពុំមាន ថ្ងៃ-ខែ-ឆ្នាំផលិត ឬថ្ងៃ-ខែ-ឆ្នាំផុតកំណត់រយៈពេលប្រើប្រាស់

- នៅលើស្លាកសញ្ញា ពុំមានអាស័យដ្ឋានផលិត សារធាតុផ្សំ វិធីប្រើប្រាស់ ....ជាភាសាខ្មែរ

- ពុំមានចុះបញ្ជីផលិតផល( ច ប ផ)

មន្ត្រីជំនាញ ឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាកែតម្រូវឱ្យបានត្រឹមត្រូវឡើងវិញដោយទុករយៈពេល ០៣ ថ្ងៃ ។ ពុំនោះទេ នឹងត្រូវប្រឈមនឹងការបិទអាជីវកម្មជាបណ្តោះអាសន្ន ។