លួចឡានឪ ជិះដើរលេងជាមួយមិត្តភក្ដិ មិនព្រមចូលផ្ទះ ដល់ឪប្ដឹងសមត្ថកិច្ច ភ័យពេកជិះធ្លាក់ទឹកស្រែ
-

ខេត្តស្វាយរៀងៈ កាលពីវេលាម៉ោងប្រមាណ៩ៈ៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតវត្តខ្ជាយ ក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ មានការភ្ញាក់ផ្អើលមួយ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលគ្រប់គ្នា ខណះមានរថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿង ប្រើប្រាស់ល្បឿនលឿនក៏រ៉េចង្កូត ធ្លាក់ទឹកប្រឡាយស្រែ ហើយឃើញបុរស២នាក់ ចេញពីក្នុងរថយន្តនិងប្រញាប់ប្រញាលរត់គេចចេញ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន ប្រគល់អោយសមត្ថកិច្ចសាកសួរ ធ្វើតេស្តទឹកម៉ូដមានសាធាតុញៀន។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានអោយដឹងថា បុរសទាំង២នាក់មានឈ្មោះ ចាន់ សុខកា អាយុ​២៨ឆ្នាំ មុខរបរនៅផ្ទះមានលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរជាមួយមានឈ្មោះ អាតឿ អាយុប្រមាណ២០ឆ្នាំ។

ចំណែកឪពុកដែលបានប្ដឹងសមត្ថកិច្ចអោយស្ទាក់រថយន្ត ដែលកូនយកជិះមិនចូលផ្ទះ មានឈ្មោះ ចាន់ ណាវី  មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

ប្រភពបន្តថា ក្រោយបានទទួលពាក្យបណ្តឹង ពីឪពុករបស់យុវជនខាងលើ ដែលបានលួចយករថយន្តជិះនោះ សមត្ថកិច្ចចេញមកស្ទាក់លើផ្លូវជាតិលេខ១ ក៏ជួបប្រទះរថយន្តខាងលើ ហើយក៏ដេញតាម លុះមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយ យុវជនខាងលើបត់ស្តាំសំដៅទៅទិសខាងជើង។ លុះសមត្ថកិច្ចប្រដេញតាមទៅដល់ផ្លូវកោង ដោយរថយន្តបើកលឿនពេក ក៏ជ្រុលចង្កូតមកធ្លាក់ប្រឡាយទឹកតែម្តង ក្រោយពីរថយន្តធ្លាក់ប្រឡាយរួចមក យុវជនទាំង២នាក់ បានបើកទ្វាររថយន្តរត់ចេញទៅវត្ត តែត្រូវពលរដ្ឋដេញចាប់បានប្រគល់សមត្ថកិច្ច។

ក្រោយពីបង្កហេតុរួចមក សមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន មកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកស្វាយទាប និងបានធ្វើតេស្តទឹកមូ៉ត ជាលទ្ធផលគឺមានសាធាតុញៀនទាំង២នាក់ផងដែរ ៕