ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ “Sok Hun Pov” ក៏បានអំពាវនាវរកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ដោយមានអ្នកចែកចាយរាប់ពាន់នាក់ នឹងមានខ្លឹមសារទាំងស្រុងថា : “សុំរំខាន មិត្តទាំងអស់គ្នាជួយស៊ែអោយម្ចាស់ឡានបានដឹងហើយ ចូលខ្លួនមកដោះស្រាយ ជាមួយពួកខ្ញុំដែលជាជរងគ្រោះ ព្រោះឡាននេះបានបេីកបរ បញ្ច្រាស់ទិស បុកប្អូនប្រុសនាងខ្ញុំនិងកិនម៉ូតូ ខ្ទិចហេីយបេីករត់យ៉ាងព្រហេីនបំផុត បេីកបរគ្មានទំនួលខុសត្រូវគឺបានមើលងាយប្រមាថអាយុជីវិតរបស់អ្នកដទៃ នេះទឹកដោះម្តាយថ្លៃប្អូនខ្ញុំ មិនប៉ះពាល់ដល់អាយុជីវិត ចុះបេីបាត់បងជីវិតប្អូនខ្ញុំ ស្អែកនេះអាចរស់វិញទេ???? អ្នកជិតខាងខ្ញុំបានជិះតាមឡានអោយគាត់ឈប់សំរួលដែរតែគាត់ឆ្លើយថា អញមិនឈប់ពួកហែងជិះភ្លើ ពួកញុមអត់ចង់បានអីទេ គ្រាន់តែចង់អោយអ្នកដែលបើក បញ្ច្រាស់ បុកគេរត់ ចូលមកសម្រួល នៅអាចសម្រួលបាន 0966980156 លេខ ខ្ញុំ អរគុណទុកមុន” ។

គួរបញ្ចាក់ថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-1941 បុកជាមួយម៉ូតូធំមួយគ្រឿង ម៉ាក GPX150 បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់គួរសម ចំណែកឯម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះរថយន្តបង្កបានបេីករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍បានជួយតាមថតស្លាកលេខអោយដែរ។ ហើយករណីនេះបានកើតឡើងនៅវេលាម៉ោង០០:១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចមុខវត្តទួលទំពូង ផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺនៅតាមបណ្ដោយផ្លូវព្រះសីហនុ ចំណុចមុខវត្តទួលទំពូង ខាងមន្ទីរសាធារណការរាជធានីភ្នំពេញ កំពុងស្ថាបនាផ្លូវចាក់កៅស៊ូឡើងវិញ ដូច្នេះផ្លូវត្រូវបិទម្ខាង ដោយតម្រូវអ្នកដែលធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុធ្វើដំណើរផ្លូវតែម្ខាងរួមគ្នា លុះនៅវេលាម៉ោងកើតហេតុខាងលើ មានយុវជនម្នាក់ បើកម៉ូតូធំមួយគ្រឿង ម៉ាក GPX150 ពាក់ស្លាកលេខភ្នំពេញ 1HM-3474ធ្វើ ដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ 2U-1941 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នា ពីលិចមកកើតវិញ បានទៅបុកចំម៉ូតូធំខាងលេី បណ្តាលឲ្យម៉ូតូដួលអូសជាមួយម្ចាស់រងរបួសធ្ងន់គួរសម និងម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។ ភ្លាមនោះរថយន្តមិនព្រមឈប់ដោះស្រាយគ្នាសិនទេ បានបន្ថែមល្បឿនបើករត់គេចពីកន្លែងកើតហេតុ តែត្រូវបងប្អូនប្រជាពលរដ្ឋឃេីញហេតុការណ៍បានជួយតាមថតស្លាកលេខយកមកប្រាប់ជនរងគ្រោះផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីអោយជួយស្រាវជ្រាវរកម្ចាស់រថយន្តអោយមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕



