(ភ្នំពេញ)៖ ប្រិយមិត្តជាទីមេត្រីដូចដែលោកអ្នកបានជ្រាបហើយថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នាកាលពីថ្ងៃ ចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកយាយ លោកតា ចំនួនជាង ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា ៥០,០០០រៀល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណខក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បន្ទាប់ពីទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ៕








